ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។
ព្រះរាជក្រមចុះថ្ងៃទី២៣
ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា
ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ
ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់
លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥ ។
បើតាមព្រះរាជក្រម
ច្បាប់នេះ កំណត់អំពីវិធាន នៃការអនុវត្តកាតព្វកិច្ចយោធា
ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ
ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តម របស់ប្រជាពលរដ្ឋខ្មែរ
និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំង សម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា
ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការ
របស់ប្រទេសជាតិ។
ច្បាប់នេះមានវិសាលភាពអនុវត្ត
ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ
ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ ។ ការបំពេញកាតព្វកិច្ចយោធា
របស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែក តាមគោលការណ៍ស្ម័គ្រចិត្ត ។
សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើន
ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច
យោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះប្រជាពលរដ្ឋខ្មែរ
ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិ ដូចយោធិនអាជីព
ដូចមានចែងក្នុងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។
ព្រះរាជក្រមបន្ថែមថា
ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។
ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ខែ តាមការកំណត់របស់
រាជរដ្ឋាភិបាល ។
ចំនួនប្រជាពលរដ្ឋនិងលក្ខខណ្ឌទាំងឡាយក្នុងការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់វគ្គនីមួយៗ
រៀងរាល់ឆ្នាំ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ៕








Post a Comment