សរសៃសូត្រធម្មជាតិផលិតពីស្លឹកមនក្នុងខេត្តស្ទឹងត្រែង ឈានទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិក្នុងវិស័យកសិ-ឧស្សាហកម្ម
ដោយ៖ ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ការបង្កើតខ្សែច្រវាក់ផលិតកម្មដើមមន និងចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ត្រូវបានផ្តើមដំណើរការក្នុងខេត្តស្ទឹងត្រែង ។បើតាមការបញ្ជាក់ពីលោក ទុំ នីរ៉ូ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឱ្យដឹងថា៖ក្រុមហ៊ុនកសិកម្ម «ហ័ងអញ វៀតណាម» នៅក្នុងស្រុកបុរីអូស្វាយសែនជ័យ បាននឹងកំពុងអនុវត្តគម្រោងដាំដុះដើមមនយកស្លឹកសម្រាប់ធ្វើចំណីដង្កូវនាង ក្នុងគោលបំណងផលិតសូត្រធម្មជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារ។
ក្នុងនោះលោកគូសបញ្ជាក់ថា៖បច្ចុប្បន្ន ខ្សែច្រវាក់ផលិតកម្មនេះស្ថិតក្នុងដំណាក់កាលផលិតវត្ថុធាតុដើមនៅឡើយ ដោយសារខេត្តស្ទឹងត្រែងមិនទាន់មានរោងចក្រកែច្នៃផ្ទាល់នៅឡើយ ។ រីឯផលិតផលសូត្រដែលប្រមូលបាន ត្រូវដឹកជញ្ជូនទៅកាន់រោងចក្រកែច្នៃរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីផលិតជាសរសៃសូត្រសម្រេច រួចបន្តនាំចេញទៅកាន់ទីផ្សារធំនៅប្រទេសឥណ្ឌា។ ទន្ទឹមនោះ អភិបាលខេត្តស្ទឹងត្រែងក៏បានស្នើឱ្យក្រុមហ៊ុន ពិចារណាបើករោងចក្រកែច្នៃសរសៃសូត្រនេះផ្ទាល់នៅក្នុងខេត្តស្ទឹងត្រែងផងដែរ ។
ឆ្លើយតបនឹងសំណើនេះ តំណាងក្រុមហ៊ុនសន្យាថានឹងបង្កើតរោងចក្រកែច្នៃនាពេលអនាគត ពេលដែលទិន្នផលដាំដុះ និងការផលិតសូត្រកើនឡើងដល់កម្រិតដែលអាចផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្របាន ៕








Post a Comment