រុស្ស៉ីគំរាមបើកការវាយប្រហារលើទីក្រុងកៀវ ជំរុញឱ្យជនបរទេសចាកចេញឱ្យបានឆាប់
កៀវ៖ រុស្ស៉ី កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីផែនការបើកការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើគោលដៅទាំងឡាយក្នុងទីក្រុងកៀវ ដែលមានពាក់ព័ន្ធនឹងយោធាអ៊ុយក្រែន រួមទាំងអគារ ឬទីស្នាក់ការរដ្ឋាភិបាល ជាមួយការជំរុញឱ្យជនបរទេសចាកចេញ មួយថ្ងៃបន្ទាប់ពីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើរដ្ឋធានីអ៊ុយក្រែន។
ព្រមពេលជាមួយគ្នាដែរ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវកុំចុះញ៉មទៅនឹងការសម្លុតគំរាមរបស់រុស្ស៉ី
ខណៈប្រមុខបេសកកម្មការទូត នៃសហភាពអឺរ៉ុប
ក្នុងទីក្រុងកៀវបាននិយាយថាបណ្ដាប្រទេសជាសមាជិកទាំង២៧ នឹងមិនចាកចេញទៅទីណានោះទេ។
បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសរុស្ស៉ី
រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក Marco Rubio ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទថាការវាយប្រហារណាមួយរបស់រុស្ស៉ីធ្វើឡើងជាការសងសឹក
ទៅនឹងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ប្រព្រឹត្តដោយរបបទីក្រុងកៀវប្រឆាំងនឹងជនស៊ីវិលក្នុងប្រទេសរុស្ស៉ី។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមទៀតថាកងកម្លាំងប្រដាប់អាវុធរុស្ស៉ីកំពុងចាប់ផ្ដើមបើកការវាយប្រហារជាលក្ខណៈប្រព័ន្ធលើគោលដៅស្ថិតក្នុងទីក្រុងកៀវ
ដែលត្រូវបានប្រើប្រាស់ជាតម្រូវការចាំបាច់
សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ព្រមទាំងអគារ ឬទីស្នាក់ការរដ្ឋាភិបាល
ឬក៏ទីបញ្ជាការយោធាដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើការសម្រេចចិត្ត។
សេចក្ដីថ្លែងការណ៍នេះក៏បានជំរុញផងដែរឱ្យ
ជនបរទេសក្នុងនោះរួមមានទាំងមន្ត្រីទូតចាកចេញពីទីក្រុងកៀវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ (Reuters)

Post a Comment