ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល
ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើការងារមួយចំនួនដល់កងកម្លាំងនគរបាល ដរាជធានីភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើការងារមួយចំនួនដល់កងកម្លាំងនគរបាល ដែលនឹងទៅចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ កោះកុង ក្រោមអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានណែនាំដល់កងកម្លាំងនគរបាល ដែលមានវត្តមានត្រូវទៅចូលរួមពិធីសម្ពោធខាងលើ ត្រូវប្រកាន់ភ្ជាប់នូវវិន័យកងជួររបស់កងកម្លាំងនគរបាលជាតិ រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវប្រើប្រាស់មធ្យោបាយរួម ជាពិសេសនោះគឺត្រូវអនុវត្តនូវការណែនាំពីប្រធានអង្គភាពដែលបានចាត់តាំងដឹកនាំ។
ដោយសារឥឡូវនេះជារដូវភ្លៀង ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមសម្ភារ:ប្រើប្រាស់ផ្ទាល់ខ្លួនឱ្យបានគ្រប់គ្រាន់ពិសេសអាវភ្លៀង។ ដោយឡែកការិយាល័យសុខាភិបាល ត្រូវត្រៀមរថយន្តគិលានុបដ្ឋាននិងសង្រ្គោះ ថ្នាំងពេទ្យឧបករណ៍ចាំបាច់មួយចំនួន ដើម្បីសង្គ្រោះបឋមសម្រាប់កងកម្លាំងនគរបាលជាតិជាដើម៕


























Post a Comment