សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បាញ់ប្រហារដាក់គ្នាជាថ្មី តែ ត្រាំ ថាបទឈប់បាញ់នៅតែមានសុពលភាព

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងការធ្វើតេស្ដដ៏ធ្ងន់ធ្ងរមួយលើបទឈប់បាញ់រវាងប្រទេសទាំង២ ប៉ុន្តែអ៊ីរ៉ង់បាននិយាយថាស្ថានការណ៍បានវិលត្រឡប់ទៅរកភាពប្រក្រតី រីឯសហរដ្ឋអាមេរិកនិយាយថាខ្លួនមិនចង់បង្កើនជម្លោះនោះទេ។

យោធាអ៊ីរ៉ង់បានអះអាងថាសហរដ្ឋអាមេរិកបានកំណត់គោលដៅលើកប៉ាល់២គ្រឿងរបស់ខ្លួនដែលធ្វើដំណើរចូលក្នុងតំបន់ច្រកសមុទ្រ Hormuz ហើយបានវាយប្រហារតាមផ្លូវអាកាសលើទឹកដីអ៊ីរ៉ង់។ ចំណែក យោធាអាមេរិកបានបញ្ជាក់ថាខ្លួនបានបើកការវាយប្រហារសងសឹកជាការឆ្លើយតបទៅនឹង ការវាយប្រហារមុនពីអ៊ីរ៉ង់។ តែទោះជាបែបនេះក្ដី លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានម្នាក់របស់ទូរទស្សន៍អាមេរិក ABC ថាបទឈប់បាញ់នៅតែមានសុពលភាព និងបើកចំហទ្វារចរចាជាមួយអ៊ីរ៉ង់ បើទោះជាលោកគំរាមបើកយុទ្ធនាការទម្លាក់គ្រាប់បែកសាជាថ្មី ប្រសិនបើតេហេរ៉ង់មិនប្រញាប់ចុះកិច្ចព្រមព្រៀងក៏ដោយ។

ការវាយប្រហារដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃព្រហស្បតិ៍ កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំចម្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើមួយរបស់អាមេរិក ដែលនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាម។ យោធាអ៉ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបំពានលើបទឈប់បាញ់តាមរយៈការកំណត់គោលដៅលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង និងកប៉ាល់គ្រឿងមួយផ្សេងទៀត ព្រមទាំងបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងស៊ីវិលនៅលើកោះ Qeshm ក្នុងតំបន់ច្រកសមុទ្រ Hormuz និងទីតាំងក្បែរឆ្នេរ Bandar Khamir និង Sirik

ប៉ុន្តែទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានចោទថាអ៊ីរ៉ង់ជាអ្នកបើកការវាយប្រហារមុន ដោយបាញ់មីស៊ីល ដ្រូន និងប្រើទូកតូចៗវាយប្រហារតម្រង់ទៅរក នាវាពិឃាដអាមេរិក ៣គ្រឿង។ តាម CENTCOM​ មិនមាននាវាចម្បាំងអាមេរិកណាមួយរងការខូចខាតនោះទេ ហើយថាក៏មិនចង់បង្កើនជម្លោះនោះដែរ តែបានត្រៀមខ្លួនជានិច្ចដើម្បីការពារកងកម្លាំងអាមេរិក៕



 

Powered by Blogger.