អភិបាលខេត្តកំពត ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង ២ពាន់គ្រួសារ នៅឃុំតាកែន ស្រុកឈូក

 អត្ថបទ៖ ទ្រី ហៀន

កំពត៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ មកពីភូមិចំការមន ភូមិវាលក្រសាំង ភូមិជ័យតាស្វាយ និងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ចំនួន ២ ៤៨៨គ្រួសារ ស្មើនឹង ២ ៩២៧ក្បាលដី។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកឡើងថា អស់រយៈពេលជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់នៅកម្ពុជា មិនទាន់មានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងនៅឡើយ ដែលធ្វើឱ្យការប្រើប្រាស់ និងអភិវឌ្ឍដីធ្លីមិនទាន់អស់សក្តានុពល។ បញ្ហានេះកើតឡើងដោយសារប្រទេសជាតិ បានឆ្លងកាត់សង្គ្រាមជាបន្តបន្ទាប់ ជាពិសេសក្នុងរបប ប៉ុល ពត ដែលបានដកហូតកម្មសិទ្ធិឯកជន និងដាក់ជាកម្មសិទ្ធិសមូហភាព។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ នៅតែប្រឈមការលំបាកជាច្រើន ទាំងការខ្វះកម្លាំងពលកម្ម ឧបករណ៍កសិកម្ម គ្រាប់ពូជ និងសម្ភារៈផ្សេងៗ ខណៈផ្ទៃដីមួយចំនួននៅមានគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ដែលបានបង្កលក្ខណៈឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការគ្រប់គ្រងដីធ្លីកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី តាមរយៈការអនុម័តច្បាប់ភូមិបាល ឆ្នាំ២០០១ និងការដាក់ចេញលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីធានាការគ្រប់គ្រងដីរដ្ឋ ដីឯកជន ដីវត្ត និងដីសហគមន៍ឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានជំរុញការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងយុទ្ធនាការវាស់វែងដីធ្លីតាមបទបញ្ជាលេខ០១ បប។

ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធ ក្នុងការជំរុញការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនាពេលកន្លងមក។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងក្នុងរបាយការណ៍ថា ស្រុកឈូក មានចំនួន ១៥ឃុំ ស្មើនឹង៨០ភូមិ ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០០៩។ រហូតមកដល់ពេលនេះ បានប្រកាសតំបន់វិនិច្ឆ័យគ្រប់៨០ភូមិ ស្មើនឹង ១០០ភាគរយ ក្នុងនោះចែកបណ្ណជូនប្រជាពលរដ្ឋរួចចំនួន ៦៨ភូមិ ស្នើសុំចែកបណ្ណ៤ភូមិ បិទផ្សាយចប់ត្រៀមចែកបណ្ណ២ភូមិ និងកំពុងពិនិត្យសម្អាតទិន្នន័យត្រៀមបិទផ្សាយចំនួន ៦ភូមិបន្ថែមទៀត៕








 

Powered by Blogger.