ឯកឧត្តម នេត្ត ភក្ត្រា ! «តួនាទីរបស់អ្នកសារព័ត៌មាន តែងមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងចូលរួមការយល់ដឹងសាធារណៈ»
ភ្នំពេញ÷ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការជួបជាគ្នានៅក្នុងឪកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ឧសភា ឆ្នាំ២០២៦ ដើម្បីគោរពយ៉ាងជ្រាលជ្រៅដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានបំពេញបេសកកម្មនៅកម្ពុជា ដែលបានស្លាប់ និងរងរបួសក្នុងសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩៨។
បើយើងនិយាយពីឆ្នាំ១៩៧០ ដល់ ឆ្នាំ២០២៦ គឺមានរយៈពេល៥៦ឆ្នំាក្នុងដំណើរកម្ពុជា ហើយដំណើរនេះមិនមែនគ្រាន់ជាចំនួនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរវែងឆ្ងាយរបស់ប្រទេសមួយ ដែលបានឆ្លងកាត់សង្គ្រាមអំពីហឹង្សា សោកនាដកម្ម ការបែកបាក់ ការស្ដារឡើងវិញនូវសន្តិភាព ការអភិវឌ្ឍ និងការបន្តកសាងអនាគតក្នុងដំណើរការ ៥៦ឆ្នាំនេះ។ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ហើយអ្នកសារព័ត៌មាន បានក្លាយជាសាក្សីនៃប្រវត្តិសាស្ត្រ ជាអ្នកកត់ត្រាការពិត និងជាស្ពានភ្ជាប់រវាងព្រឹត្តិការណ៍នៅលើដីកម្ពុជា ជាមួយប្រជាជនកម្ពុជា និងពិភពលោក។
ចាប់ពីសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ដំណើរការស្វែងរកសន្តិភាព និងរហូតកម្ពុជានាពេលបច្ចុប្បន្ន តួនាទីរបស់អ្នកសារព័ត៌មាន តែងតែមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងចូលរួមកសាងការយល់ដឹងសាធារណៈ។ ក្នុងអំឡុងសង្គ្រាម និងអស្ថេរភាព អ្នកសារព័ត៌មានជាច្រើន បានឈរនៅជួរមុខនៃប្រវត្តិសាស្ត្រ បានឆ្លងតំបន់ប្រយុទ្ធ តំបន់គ្រោះថ្នាក់ និងស្ថានភាពដែលពោរពេញដោយហានិភ័យ។
សូមជម្រាបជូនថា នៅក្នុងឪកាសនេះដែរក៏មានការអញ្ជើញចូលរួមពី រដ្ធលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង, ប្រធាន/អនុប្រធាននាយកដ្ឋាន តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស្ស៊ី, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា,មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានសរុបប្រមាណជាង ១០០នាក់។
បន្ទាប់មក ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ធមន្ត្រី ក្រសួងព័ត៌មាន និងគណៈប្រតិភូ ក៏បានអញ្ជើញទស្សនាការតាំងពិព័រណ៍រូបថតក្នុងបរិវេណនៃសួនច្បារជ័យមង្គលព័ត៌មាន ដើម្បីជាការរំលឹកអំពីការតស៊ូ និងបូជារបស់អ្នកសារព័ត៌មាន ក្នុងបុព្វហេតុផ្តល់ព័ត៌មានពិត ការរាយការណ៍ស្តីពីព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ និងការចងក្រងនូវចំណេះដឹងជាច្រើនរាប់មិនអស់៕














Post a Comment