ប្រាសាទព្រះខ័ន៖ ស្ថាបត្យកម្មដ៏រស់រវើក និងនិមិត្តរូបនៃជ័យជំនះ
សៀមរាប៖ ប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។ ដើម្បីទៅដល់ប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញតាមខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកក្នុងការអភិរក្ស និងជួសជុលប្រាសាទនេះឱ្យស្ថិតក្នុងសភាពល្អប្រសើរក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់។
យោងតាមសិលាចារឹក ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅឆ្នាំ១១៩១ នាចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវម៌ទី៧ លើទីតាំងនៃចម្បាំងផ្តាច់ព្រ័ត្រ ដែលព្រះអង្គបានទទួលជ័យជំនះលើការឈ្លានពានរបស់កងទ័ពចាម្ប៍ ដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតា។ ឈ្មោះដើមនៃប្រាសាទនេះគឺ «ជ័យស្រី» ដែលមានន័យថា «ព្រះខ័នជ័យ» ឬ«ទីក្រុងនៃជ័យជំនះដ៏ពិសិដ្ឋ»។
ខ្លឹមសារសំខាន់ៗក្នងសិលាចារឹក បានផ្ដល់ព័ត៌មានដ៏មានតម្លៃអំពីភាពរីកចម្រើនរបស់ចក្រភពខ្មែរ និងជាពិសេសរាជធានីអង្គរនាពេលនោះ ដូចជា៖
- កិច្ចការសាសនា៖ ការធ្វើពិធីបួងសួង ការតម្កល់ព្រះបដិមា និងពិធីអភិសេកព្រះ
- កិច្ចការព្រះរាជកិច្ច៖ ការលើកតម្កើងព្រះរាជា និងការឧទ្ទិសកុសលជូនបុព្វការីជន។
- ការងារសង្គម៖ ការចូលរួមថែទាំប្រាសាទ ការផ្តល់តង្វាយពីសំណាក់ព្រាហ្មណ៍ និងអ្នកភូមិនៅជុំវិញ។
- សមិទ្ធផលសំណង់ផ្សេងៗ៖ ការរៀបរាប់អំពីបារាយណ៍ «ជ័យតដាក» ដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាល។









Post a Comment