មានសត្វស្លាបយ៉ាងតិច ៣០៨ ប្រភេទកំពុងរស់នៅក្នុងតំបន់ការពារជម្រកសត្វព្រៃលំផាត់
ខេត្តរតនគិរី÷ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានលើកឡើងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ក្នុងឱកាស អបអរសាទរទិវាជីវចម្រុះអន្តរជាតិ ២០២៦ /International Day for Biodiversity 2026 នេះថា “លទ្ធផលនៃការសិក្សាសត្វស្លាប ក្នុងដែនជម្រកសត្វព្រៃលំផាត់ គឺជាការបញ្ជាក់អំពីកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការប្តេជ្ញាចិត្តអនុវត្តសកម្មភាពរួមគ្នា ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន(ភាពស្អាត បៃតង ចីរភាព)។
លោកប្រធានមន្ទីរបរិស្ថានរូបនេះបន្តថា នេះជាលើកតំបូង ដែលមានការផលិតរបាយការណ៍សិក្សាពីវត្តមានសត្វស្លាបសម្រាប់ដែនជម្រកសត្វព្រៃលំផាត់ ដោយបានបញ្ជាក់ពីវត្តមានសត្វស្លាបព្រៃយ៉ាងតិច ៣០៨ ប្រភេទ រស់នៅក្នុងតំបន់ការពារដ៏ពិសេសនេះ ដែលនេះបានផ្ដល់ជាទិន្នន័យមូលដ្ឋានដ៏សំខាន់។មន្ទីរបរិស្ថានខេត្តរតនគិរី ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបុព្វហេតុនៃកិច្ចការពារដែនជម្រកសត្វព្រៃ ដែលមានសារៈសំខាន់ ជាសាកល ជាពិសេសតាមរយៈការអនុវត្តគម្រោងឥណទានកាបូដែនជម្រកសត្វព្រៃលំផាត់។
លោកថា បេសកកម្មរបស់យើងមិនមែនត្រឹមតែការពារសត្វស្លាបប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងការខិតខំប្រឹងប្រែងការពារ ថែរក្សាប្រព័ន្ធអេកូឡូស៊ីអោយមានសុខភាពល្អ និងធានាថា ទីជម្រកសត្វព្រៃធម្មជាតិ ព្រមទាំងផល-អនុផលធនធានធម្មជាតិនឹងបន្តផ្ដល់ជាផលប្រយោជន៍ដល់ប្រជាសហគមន៍ជាច្រើនឆ្នាំទៅមុខទៀត។”
រូបភាពដោយ: NatureLife is Bird Life In Cambodia
#(មន្ទីរព័ត៌មានខេត្តរតនគិរី)







Post a Comment