អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​​​សហការ​​ដោះលែង​សត្វ​ប្រមា ចំនួ​ន​២​ក្បាល​​ទៅ​ក្នុង​ព្រៃ​តំបន់​អង្គរ

ខេត្តសៀមារប៖ អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា​(CWC) ​បាន​នាំ​យក​សត្វ​ប្រមា​​ចំនួន​២​ក្បាល​មក​ប្រគល់​ជូន​អាជ្ញា​ធរ​​​ជាតិ​អប្សរា ​នៅ​រសៀល​ថ្ងៃ​ទី​​២៥ ខែ​ឧសភា ឆ្នាំ​២០២៦​​ ដើម្បី​ផ្សាំងទុក​​មួយ​រយៈ មុន​នឹង​ព្រលែង​ឱ្យ​រស់​នៅ​តាម​ធម្មជាតិ​​​ទៅ​ក្នុង​ព្រៃ​តំបន់​អង្គរ​។​

លោក ​ទ្រី ស៊ីថេង ​​ប្រធាន​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា(​CWC) ឱ្យ​ដឹង​ថា សត្វ​ប្រមា​ទាំង​ពីរ​ក្បាល​នេះ ​គឺ​លោក​បាន​ទទួល​ពី​មេ​បញ្ជាការ​យោធា​មួយ​រូប​ នៅ​តំបន់​អូរស្មាច់ ​ខេត្ត​ឧត្តរ​មានជ័យ។​
លោក​បញ្ជាក់​ថា ជា​យូរ​មក​ហើយ ​​មេបញ្ជាការ​ទាហាន​​ម្នាក់ ​បាន​ចិញ្ចឹម​សត្វ​ប្រមា​ សរុប​ចំនួន​៣​​ក្បាល ​ក៏ប៉ុន្តែ ប្រមា​មួយ​ក្នុង​ចំណោម​នោះ​បាន​ចាស់ ហើយ​ងាប់។​ បន្ទាប់​មក ក៏​មាន​សង្គ្រាម​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ​កើត​ឡើង​។ ​ដោយសារ​តែ​​មេបញ្ជាការ​រូប​នោះ​រវល់​​រឿង​ការពារ​ព្រំដែន​ខ្មែរ ​ហើយ​ម្យ៉ាង​ទៀត​គាត់​ចង់​ឱ្យ​សត្វ​ប្រមា​ដែល​គាត់​ចិញ្ចឹម​ទាំង​ពីរ​មាន​សុវត្ថិភាព​ផង ក៏​ប្រគល់​វា​ មក​ឱ្យ​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា​យក​មក​ថែរក្សា​តែ​ម្ដង។​
លោក ​ទ្រី ស៊ីថេង​ បញ្ជាក់​ទៀត​ថា មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​យក​សត្វប្រមា​ទាំង​ពីរ​ក្បាល​មក​ថែ​រក្សា​នៅ​តំបន់​អង្គរ ​​ដោយសារ​តែ​លោក​ចង់​ឱ្យ​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ​នៅ​ពេល​​មក​ទស្សនា​អង្គរ ​គឺ​មិន​ត្រឹម​តែ​ឃើញ​ប្រាសាទ​បុរាណ​តែ​ប៉ុណ្ណោះ​ទេ ​គឺ​ចង់​ឱ្យ​ភ្ញៀវ​ទេសចរ​ បាន​ឃើញ​ទាំង​សម្បត្តិ​ធម្មជាតិ និង​សត្វ​ព្រៃ​ផង​ដែរ​។​
លោក​ Nick Marx អ្នក​ជំនាញ​របស់​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា​(CWC) និង​ជា​ទីប្រឹក្សា​ផ្នែក​ជីវ​ចម្រុះ​​ របស់​អាជ្ញាធរជាតិអប្សរា​ឱ្យ​ដឹង​ថា សត្វ​ប្រមា​ពីរ​ក្បាល​ ដែល​យក​មក​ប្រគល់​ជូន​អាជ្ញាធរ​​ជាតិ​អប្សរា​ពេល​នេះ ​មិនទាន់​ដោះ​លែង​ឱ្យ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ភ្លាមៗ​បាន​ទេ។ ​អ្នក​ជំនាញ​ត្រូវ​ផ្សាំង​សត្វ​ទាំង​ពីរ​ឱ្យ​ស៊ាំ​នឹង​បរិស្ថាន​​ជា​មុន​សិន ​មុន​ពេល​ដោះលែង​សត្វ​ទាំង​ពីរ​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ដោយ​ខ្លួន​ឯង​។​ ​លោក ​Nick Marx ​បញ្ជាក់​ទៀត​ថា នេះ​ជា​លើក​ទី​១​​ហើយ ដែល​អង្គ​ការ​​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​បាន​យក​សត្វ​ប្រមា ​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ​ឱ្យ​​ដោះ​លែង​ក្នុង​ព្រៃ​អង្គរ​។ ​អ្នក​ជំនាញ​សត្វ​ព្រៃ​រូប​នេះ​ បាន​បញ្ជាក់​ពី​សារសំខាន់​នៃ​សត្វ​ប្រមាថា​​សត្វ​នេះ ក៏​ដូច​ជា​សត្វព្រៃ​ដទៃ​ទៀត​ដែរ ​គឺ​មាន​តួនាទី​ជួយ​ឱ្យ​ប្រព័ន្ធ​ជីវ​ចម្រុះ​ធម្មជាតិ​កាន់​តែ​សម្បូរបែប​ឡើង ​តាម​រយៈ​ការ​ស៊ី​ផ្លែ ​ហើយ​ពាំ​គ្រាប់​យក​ទៅ​តាម​កន្លែង​ផ្សេង​ៗ ធ្វើ​ឱ្យ​កូន​ឈើ​ដុះ​លូត​លាស់​។
ចំណែក​លោក​ ជូរ៉ា ​ឌីណា ​អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​ព្រៃ​ឈើ និង​ហេដ្ឋារចនា​សម្ព័ន្ធ ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ព្រៃ​តំបន់​អង្គរ ​ក៏​មាន​សត្វ​ប្រមា​មួយ​​ចំនួន​កំពុង​រស់នៅ​ដែរ។ ​ការ​ព្រលែង​សត្វ​ប្រមា​២ក្បាល​ ដែល​បាន​ពី​តំបន់​ផ្សេង ​​ឱ្យ​រស់​នៅ​ក្នុង​តំបន់​អង្គរ ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​ចំនួន​សត្វប្រមា​​នៅ​ក្នុង​ព្រៃ​អង្គរ​ មាន​ចំនួន​កើន​ឡើង​បន្ថែម​ទៀត​។ ​លោក ​ជូរ៉ា ឌីណា ​រំពឹង​ថា សត្វ​ប្រមា​ចំនួន​២​ក្បាល ដែល​ព្រលែង​នៅ​ក្នុង​ព្រៃ​អង្គរ​ពេល​នេះ ​អាច​នឹង​មាន​សម្ព័ន្ធភាពជាមួយ​នឹង​សត្វ​ដែល​រស់​នៅ​ក្នុង​ព្រៃ​អង្គរ​ជា​យូរ​មក​ហើយ ​ព្រមទាំង​ពួកគេ​អាច​នឹង​បង្កើត​កូនចៅ​បាន​កាន់​​តែ​ច្រើន​នៅ​ពេល​ខាង​មុខ​ថែម​ទៀត​។
ចាប់តាំងពីឆ្នាំ២០១៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរមានដូចជា៖
- សត្វទោចមកុដ (Pileated Gibbon) ចំនួន១៧ក្បាល(កើតកូនបានចំនួន៩ក្បាល)
- សត្វឈ្លូស (Red Muntjac) ចំនួន៧ក្បាល
- សត្វស្វាព្រាហ្មណ៍ ឬស្វាព្រាម (Silvered Langurs) ចំនួន១២ក្បាល (កេីតកូនបាន១៨ក្បាល)
- សត្វសំពោចក្រអូប (Common palm Civets) ចំនួន៧ក្បាល
- សត្វភេខ្លួនរលោង (Smooth-coated Otter) ចំនួន១៥ក្បាល(កើតកូនបានចំនួន១២ក្បាល)
- សត្វឆ្មាដាវ (Leopard Cat) ចំនួន៣ក្បាល
- សត្វកេងកងតូច (Oriental Pied Hornbill) ចំនួន៩ក្បាល
- សត្វកេងកងធំ (Great Hornbill) ចំនួន៦ក្បាល
- សត្វភូវាំង (Wreathed Hornbill) ចំនួន៧ក្បាល
- សត្វក្ងោក (Peafowl) ចំនួន៩ក្បាល
- សត្វអន្សង (Common Water Monitor) ចំនួន២ក្បាល
- សត្វពង្រូល (Sunda Pangolin) ចំនួន២ក្បាល
និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់បច្ចុប្បន្នសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ៕









Powered by Blogger.