រដ្ឋបាលសង្កាត់រាម រៀបចំដេញថ្លៃលើគម្រោង សាងសង់ផ្លូវបេតុងអាមេ និងប្រព័ន្ធលូអ៊ុយ (U-Drain) ដែលគ្របដណ្តប់លើសង្កាត់ចំនួន៣

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ រដ្ឋបាលសង្កាត់រាម បានរៀបចំពិធីដេញថ្លៃជាសាធារណៈលើគម្រោងសាងសង់ផ្លូវបេតុងអាមេ និងប្រព័ន្ធលូអ៊ុយ (U-Drain) ដែលគ្របដណ្តប់លើសង្កាត់ចំនួន៣ រួមមាន សង្កាត់រាម សង្កាត់បិតត្រាំង និងសង្កាត់អូរជ្រៅ។ ពិធីដេញថ្លៃនេះ ត្រូវបានដឹកនាំដោយគណៈកម្មការជំនាញដែលមានសមាសភាពរួមមាន លោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគ លោក ហួរ ប៉ូ សមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម និងលោក អាន ធារិទ្ធ នាយករងរដ្ឋបាលក្រុងកំពង់សោម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

     សូមបញ្ជាក់ផងដែរថា ការដេញថ្លៃនោះសង្កាត់រាម ទទួលបានគម្រោងចំនួន ២ សំខាន់ៗ រួមមាន គម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៥១០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ។ គម្រោងនេះនឹងប្រើប្រាស់ដែកទំហំ ១២ មីលីម៉ែត្រ ដោយផ្តោតលើបច្ចេកទេសឈូសឆាយ កិនកៀរ និងបង្ហាប់គ្រឹះដីថ្មមិចឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងគម្រោងសាងសង់លូអ៊ុយ (U-Drain) មានប្រវែង ១២០ ម៉ែត្រ ទទឹង ០.៦ ម៉ែត្រ និងកម្ពស់ ០.៦ ម៉ែត្រ ដើម្បីបង្ការការលិចលង់ និងគ្រប់គ្រងប្រព័ន្ធទឹកបង្ហូរ។ហើយសង្កាត់អូរជ្រៅ គម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៥០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ។ ផ្លូវខ្សែនេះនឹងតភ្ជាប់រវាង ភូមិស្រែក្នុង និង ភូមិស្រែចាមលើ ដែលជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់សិស្សានុសិស្ស។និងសង្កាត់បិតត្រាំង គម្រោងសាងសង់លូអ៊ុយ (U-Drain) មានប្រវែងសរុប ៤០០ ម៉ែត្រ ទទឹង ០.៦ ម៉ែត្រ និងកម្ពស់ ០.៦ ម៉ែត្រ។ ប្រព័ន្ធលូនេះនឹងត្រូវស្ថាបនានៅតំបន់ ភូមិចំណោទរាម និង ភូមិគគីរ ដើម្បីរំដោះទឹក និងរក្សាសោភ័ណភាពក្នុងភូមិដ្ឋាន។

     នៅក្នុងឱកាសនោះ គណៈកម្មការដេញថ្លៃបានសង្កត់ធ្ងន់ទៅលើក្រុមហ៊ុនដែលទទួលបានសិទ្ធិសាងសង់ ត្រូវតែអនុវត្តការងារឱ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក និងធានាឱ្យបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង។ ការអភិវឌ្ឍនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍ប្រកបដោយចីរភាព។ការដេញថ្លៃនេះបានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសយកក្រុមហ៊ុនដែលមានសមត្ថភាព និងតម្លៃសមរម្យបំផុត ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់សោមនៃខេត្តព្រះសីហនុ៕










Powered by Blogger.