Netanyahu គំរាមថាអ៊ីស្រាអែលត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសង្រ្គាមសាជាថ្មីគ្រប់ពេលជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាអ៊ីស្រាអែលបានត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខជាមួយអ៊ីរ៉ង់ ក្នុងករណីចាំបាច់ បើទោះជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។

ការកត់សម្គាល់បែបនេះរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរបស់អ៊ីស្រាអែល លោក Yair Lapid បានចាត់ទុកបទឈប់បាញ់គឺជាបរាជ័យ ខាងការទូតសម្រាប់អ៊ីស្រាអែល ជាមួយការបន្ទោសថាលោក Netanyahu បានបរាជ័យក្នុងការសម្រេចតាមគោលដៅរបស់អ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ក្នុងសុន្ទរកថាមួយ តាមកញ្ចប់ទូរទស្សន៍ លោក Netanyahu បានបញ្ជាក់ថាអ៊ីស្រាអែលនៅមានកម្មវត្ថុមួយចំនួនត្រូវសម្រេចឱ្យបាន ហើយនឹងសម្រេចគោលដៅឱ្យបានមិនថាតាមរយៈ កិច្ចព្រមព្រៀង ឬក៏តាមរយៈការធ្វើសង្រ្គាមសាជាថ្មីជាមួយអ៊ីរ៉ង់។

សូមជម្រាបថា បទឈប់បាញ់ ២សប្ដាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពផុយស្រួយ ខណៈទាំងអាមេរិក អ៊ីរ៉ង់ និងអ៊ីស្រាអែលនៅតែបន្តគំរាមដាក់គ្នាទៅវិញទៅមក ពីការចាប់ផ្ដើមសង្រ្គាមឡើងវិញសាជាថ្មី។ អ៊ីរ៉ង់ បានចោទថាអ៊ីស្រាអែលបានបំពានបទឈប់បាញ់តាមរយៈការបន្តទម្លាក់គ្រាប់បែកលើលីបង់ ជាពិសេសលើមូលដ្ឋានរបស់ ក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់។ ប៉ុន្តែសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានអះអាង ថាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ មិនបានរាប់បញ្ចូលបទឈប់បាញ់នៅលីបង់ដែរនោះទេ៕(AFP)



 

Powered by Blogger.