អ៊ីរ៉ង់ យល់ព្រមថានឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយទទួលយកបទឈប់បាញ់
តេហរ៉ង់៖ អ៊ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងធានាសុវត្ថិភាពការធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ក្នុងរយៈពេល២សប្ដាហ៍ ប្រសិនបើ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់រយៈពេល២សប្ដាហ៍ សុវត្ថិភាពសម្រាប់ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ
Hormuz អាចនឹងត្រូវបានធ្វើឡើងតាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់
និងជាមួយការពិចារណាលើការដាក់កំហិតផ្នែក បច្ចេកទេសមួយចំនួន»។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ
បានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុននឹងឱសានវាទកម្ទេចអ៊ីរ៉ង់របស់លោកប្រធានាធិបតី
ដូណាល់ ត្រាំផុតកំណត់។ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះដោយនិយាយថាខ្លួនបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ចំណុចរបស់ខ្លួន។
លោក ត្រាំ
បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន
ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់
និងដែលបានស្នើឡើងនូវ បទឈប់បាញ់រយៈពេល ២សប្ដាហ៍។ លោក ត្រាំ បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានសម្រេចចិត្តពន្យារពេលការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់
ដោយឈរលើ មូលដ្ឋានកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz
Sharif និងប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir។
ក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់
ក៏បានទទួលស្គាល់ពីការឈានដល់បទឈបបាញ់ផងដែរ ដោយមានការយល់ព្រមពីមេដឹកនាំកំពូលអ៊ីរ៉ង់
លោក Mojtaba
Khamenei ហើយបាន បញ្ជាក់ថាកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអ៊ីស្រាអែល ក៏បានរាយការណ៍ដែរថាអ៊ីស្រាអែលក៏បានយល់ព្រមទទួលយកបទឈប់បាញ់ដែរ៕ (AFP)

Post a Comment