FASMEC នឹងរៀបចំពិព័រណ៌ផលិតផលខ្មែរលើកទី៣ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃ១២ ខែមេសា ឆ្នាំ ២០២៦ ដើម្បីឆ្លើយតបនឹងចរន្តគាំទ្រផលិតផលជាតិ

អត្ថបទ : ថោង វណ្ណា

ភ្នំពេញ៖ ជាការបោះជំហានយ៉ាងសំខាន់បន្ទាប់ពីវេទិកាសារព័ត៌មាន «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) បានប្រកាសជាផ្លូវការនូវការរៀបចំ «ពិព័រណ៌ផលិតផលខ្មែរលើកទី៣» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមជម្រាបជូនថា ​ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការដាក់តាំងបង្ហាញទំនិញប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រ «វាយសម្រុក» ដើម្បីដណ្តើមចំណែកទីផ្សារក្នុងស្រុកមកវិញ ចំពេលដែលពលរដ្ឋខ្មែរកំពុងមានស្មារតីជាតិនិយមខ្ពស់។

​១. ការប្រែក្លាយ«ចរន្តពហិការ»ឱ្យទៅជា«កម្លាំងចលករសេដ្ឋកិច្ច» ​!
តាមរយៈវេទិកាសារព័ត៌មាននេះដែរ លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់យ៉ាងច្បាស់ថា ចលនាពហិការមិនប្រើប្រាស់ទំនិញពីប្រទេសជិតខាង (ថៃ) គឺជាឱកាសមាសសម្រាប់សហគ្រិនខ្មែរក្នុងការបង្ហាញសមត្ថភាព។

✍️ជាការពិតណាស់ «យើងមិនត្រូវឱ្យមនសិការជាតិរបស់ពលរដ្ឋ ក្លាយជាចរន្តបណ្តោះអាសន្ននោះទេ ហើយតាមរយៈការពិពណ៌លើកទី៣ នេះ នឹងក្លាយជាវេទិកាបញ្ជាក់ថា «ផលិផលខ្មែរមានគុណភាពស្តង់ដារ ថ្លៃសមរម្យ និងអាចជំនួសទំនិញនាំចូលបានយ៉ាងពេញលេញ»។

​២.សសរស្តម្ភទាំង៣ នៃពិព័រណ៌ផលិតផលខ្មែរលើកទី៣ !
​ដើម្បីឱ្យស៊ីជម្រៅជាងការលក់ដូរធម្មតា ពិព័រណ៌នេះត្រូវបានរៀបចំឡើងដោយផ្ដោតលើចំណុចយុទ្ធសាស្ត្រដូចខាងក្រោម៖

ការពង្រឹងទំនុកចិត្ត (Trust Building): ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់បានជួបផ្ទាល់ជាមួយអ្នកផលិត ដើម្បីស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារអនាម័យ។

ការតភ្ជាប់បណ្តាញអាជីវកម្ម (B2B Networking): បង្កើតឱកាសឱ្យម្ចាស់ផ្សារទំនើប ម៉ាត និងដេប៉ូចែកចាយ បានចុះកិច្ចសន្យាទិញ-លក់ជាមួយសហគ្រាសក្នុងស្រុកដោយផ្ទាល់ កាត់បន្ថយការនាំចូល។

យុទ្ធនាការតម្លៃសមរម្យ៖ ជំរុញឱ្យអ្នកផលិតផ្តល់តម្លៃពិសេសក្នុងអំឡុងពេលពិព័រណ៌ ដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យសាកល្បង និងប្តូរទម្លាប់មកប្រើផលិតផលជាតិ។

​៣.ចក្ខុវិស័យក្នុងការត្រៀមលក្ខណៈសម្រាប់«បុណ្យចូលឆ្នាំថ្មី» ​!
ការជ្រើសរើសយកកាលបរិច្ឆេទពីថ្ងៃទី៩ ដល់ទី១២ ខែមេសា គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ ដោយសារវាជាឱកាសដែលពលរដ្ឋខ្មែរសម្រុកទិញទំនិញសម្រាប់ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ហើយនេះក៏ជាសារបញ្ជូនទៅកាន់មហាជនថា៖ «ចូលឆ្នាំខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ ដើម្បីសេដ្ឋកិច្ចខ្មែររីកចម្រើន»

តាមរយ:ពិព័រណ៌ផលិតផលខ្មែរលើកទី៣ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ រៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FFASMEC គឺដើម្បីបង្កើនការយល់ដឹងពីគុណភាពផលិតផលក្នុងស្រុក និងជំរុញការលក់ក្នុងស្រុកឱ្យឈានដល់កម្រិតខ្ពស់បំផុត។

​តាមរយៈវេទិកានេះ សង្កេតឃើញថា FASMEC កំពុងដើរតួនាទីជា «អ្នកសម្របសម្រួល» ដ៏សកម្មរវាងគោលនយោបាយរដ្ឋ និងការអនុវត្តជាក់ស្តែងរបស់សហគ្រិន។ ភាពជោគជ័យនៃពិព័រណ៌ខាងមុខនេះ នឹងក្លាយជាសញ្ញាណបង្ហាញថា តើសេដ្ឋកិច្ចកម្ពុជាអាចឈរជើងបានរឹងមាំកម្រិតណា ដោយផ្អែកលើកម្លាំងផលិតកម្មក្នុងស្រុក៕

















Powered by Blogger.