ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មាន លើប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ”
ភ្នំពេញ ៖ ដោយមានការគាំទ្រពី សមាគមមូលនីធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធន់តូចនៅកម្ពុជា (FASMEC) នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាសារព័ត៌មាន ដើម្បីជំរុញ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នឹងផ្តល់ឪកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកឡើងជាថ្មីម្តងទៀតពីការជំរុញការផលិតផលិតផលក្នុងស្រុក និងលើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងបរិបទនៃចលនាពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ រួមទាំងបញ្ហាប្រឈមលើវិស័យសេដ្ឋកិច្ចពិភពលោក។
វេទិកានេះរៀបចំធ្វើនៅការិយាល័យកណ្ដាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) មានទីតាំងតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគម FASMEC, លោក ពុយ គា ប្រធានក្លឹបអ្នកកាសែត កម្ពុជា (ក.អ.ក) និងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាច្រើននាក់។
លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា ការជំរុញឱ្យមានការផលិតក្នុងស្រុក មិនមែនជារឿងថ្មីទេ ប៉ុន្តែវាជាអាវក្រោះតែមួយគត់ដែលកម្ពុជាមាន ដើម្បីទប់ទល់នឹងឥទ្ធិពលខាងក្រៅ។ ការពឹងផ្អែកលើទំនិញបរទេសខ្លាំងពេក ធ្វើឱ្យសេដ្ឋកិច្ចយើងងាយរងគ្រោះនៅពេលមានជម្លោះព្រំដែន ឬបញ្ហានយោបាយ។
ដូច្នេះសហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវតែមានលទ្ធភាពផលិតទំនិញចាំបាច់ដោយខ្លួនឯង ដើម្បីធានាថាខ្សែច្រវាក់ផ្គត់ផ្គង់មិនត្រូវបានកាត់ផ្តាច់។
ដើម្បីឱ្យយុទ្ធនាការ «រួមគ្នាផលិត រួមគ្នាប្រើ» ទទួលបានជោគជ័យ FASMEC បានបង្ហាញពីចំណុចសំខាន់ៗ៣ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវសហការគ្នា÷
ថ្លៃដើមផលិតកម្ម (Production Cost): បញ្ហាតម្លៃអគ្គិសនី និងភស្តុភារកម្ម (Logistics) នៅតែជាឧបសគ្គធំដែលធ្វើឱ្យទំនិញខ្មែរមានតម្លៃថ្លៃជាងទំនិញនាំចូល។
បច្ចេកវិទ្យា និងស្តង់ដារ៖ ការបណ្តុះបណ្តាលបច្ចេកទេសផលិតឱ្យទាន់សម័យ ដើម្បីឱ្យផលិតផលមានរូបរាងស្អាត និងរក្សាទុកបានយូរ។
ទីផ្សារ និងការជឿជាក់៖ ការបំបាត់មតិអវិជ្ជមានដែលថា «ទំនិញខ្មែរមិនល្អ» តាមរយៈការតាំងពិពរណ៍ និងការផ្សព្វផ្សាយដោយអ្នកសារព័ត៌មាន៕

Post a Comment