លោកស្រី អោងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគារ ទទួលបានការបន្ធូរបន្ថយទោស

ណៃពិដោ៖ មេធាវីរបស់លោកស្រី អោងសាន ស៊ូជី នាថ្ងៃសុក្រ ទី១៧ ខែមេសា បានប្រាប់ឱ្យដឹងថា រដ្ឋាភិបាល មីយ៉ាន់ម៉ា បានបន្ធូរបន្ថយរយៈពេល​ជាប់ពន្ធនាគាររបស់អតីតមេដឹកនាំរូបនេះ ដែលជាផ្នែកនៃការលើកលែងទោសទូលំទូលាយមួយ។

លោកស្រី ស៊ូជី បច្ចុប្បន្នមានអាយុ៨០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ២៧ឆ្នាំ ក្រោមបទចោទជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ បើតាមមេធាវីខាងលើ ទោសជាប់ពន្ធនាគាររបស់លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយក្នុងអត្រា១ភាគ៦ ដែលស្មើនឹងរយៈពេល៤.៥ឆ្នាំ។

នាថ្ងៃសុក្រនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing ក៏បានចេញបញ្ជាបន្ធូរបន្ថយទោស​សម្រាប់អ្នកមានទោសប្រហារជីវិតទាំងអស់ផងដែរ ដោយសម្រាលមកជា ទោសជាប់ពន្ធនាគារមួយជីវិតវិញ។ ទាំងនេះ គឺជាផ្នែកនៃការលើកលែងទោសទូលំទូលាយមួយ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី Thingyan របស់ប្រទេស មីយ៉ាន់ម៉ា។ ក្រោមការលើកលែង អ្នកទោសសរុបជាង៤៣០០នាក់ ត្រូវដោះលែង ក្នុងនោះមានជនបរទេស ១៧៩នាក់ ហើយទោសទាំងអស់ ដែលមានរយៈពេលក្រោម៤០ឆ្នាំ ត្រូវបានបន្ថយ១ភាគ៦។

សូមជម្រាបថា លោក Min Aung Hlaing គឺជាអតីតមេដឹកនាំយោធា ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលលោកស្រី ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក លោកបានកាន់អំណាចជាប្រមុខរបបសឹក ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីថ្មី កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងការធ្វើអន្តរកាលមួយ ដែលក្រុមឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានចាត់ទុកគ្រាន់ជា ការកែប្រែមុខមាត់របស់របបយោធា មកជារបបដឹកនាំស៉ីវិល ដើម្បីបន្តរក្សាអំណាចប៉ុណ្ណោះ៕ (Reuters)



 

Powered by Blogger.