សហរដ្ឋអាមេរិក ប្រើយន្ដហោះយោធាច្រើនជាង ១៧០គ្រឿង ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំង ដែលអ៊ីរ៉ង់បាញ់ទម្លាក់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថាយន្ដហោះយោធាអាមេរិកច្រើនជាង ១៧០គ្រឿង ត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការជួយសង្រ្គោះ ពីឡុតយន្ដហោះចម្បាំងមួយគ្រឿងដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់។
លោក ត្រាំ
បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមានថាយន្ដហោះ
២១គ្រឿងត្រូវបានប្រើនៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុត ទី១
និង១៥៥គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតទី២។ លោក ត្រាំ
បន្ថែមថាយន្ដហោះយោធាដឹកជញ្ជូន២គ្រឿងបានជាប់ផុងក្នុងខ្សាច់ ហើយ
យោធាអាមេរិកបានសម្រេចចិត្តបំផ្ទុះកម្ទេចយន្ដហោះទាំង២គ្រឿងនេះចោល
ប្រសើរជាងទុកឱ្យធ្លាក់ក្នុងដៃអ៊ីរ៉ង់។
សូមជម្រាបថា កាលពីសប្ដាហ៍មុន
យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់។
F-15E មានពីឡុតបញ្ជា២នាក់ ម្នាក់ជាពីឡុតខាងមុខ
ជាអ្នកបើកយន្ដហោះ
និងម្នាក់ទៀតអង្គុយកៅអីខាងក្រោយគឺជាអ្នកបញ្ជាលើប្រព័ន្ធអាវុធរបស់យន្ដហោះចម្បាំងនេះ។
F-15E អាចហោះក្នុងល្បឿន ៣០១៨គីឡូម៉ែត្រ ក្នុងមួយម៉ោង
និងអាចផ្ទុកគ្រាប់បែកទម្ងន់ ២០ ០០០ផោន ឬជាង ៩០៧១គីឡូម៉ែត្រ។
អ៊ីរ៉ង់វិញបានអះអាងថាពួកគេបានកម្ទេចយន្ដហោះ C-130
២គ្រឿងរបស់សហរដ្ឋអាមេរិក រួមទាំងឧទ្ធម្ភាគចក្រ Black Hawk ២គ្រឿង ក្នុងខេត្ត Isfahan ជាទីដែលប្រតិបត្តិការជួយសង្រ្គោះត្រូវបានធ្វើឡើង៕ (AFP)

Post a Comment