រុស្ស៊ីព្រមានដាក់បណ្ដាប្រទេសអឺរ៉ុបក្នុងបញ្ជីគោលដៅវាយប្រហារ បើព្រមឱ្យបារាំងដាក់ពង្រាយយន្តហោះនុយក្លេអ៊ែរ
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានចេញសារព្រមានយ៉ាងធ្ងន់ៗដល់បណ្ដាប្រទេសអឺរ៉ុបថា នឹងក្លាយជាគោលដៅវាយប្រហាររបស់ខ្លួន ប្រសិនបើពួកគេយល់ព្រមឱ្យបារាំងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
អាឡិចសាន់ឌឺ ហ្គ្រូស្កូ (Alexander Grushko) បានបញ្ជាក់ថា
ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់បារាំងនៅក្នុងប្រទេសដទៃ
បង្កការគំរាមកំហែងយុទ្ធសាស្ត្រដល់រុស្ស៊ី
ហើយយោធានឹងត្រូវបង្ខំចិត្តបញ្ចូលប្រទេសទាំងនោះទៅក្នុង «បញ្ជីគោលដៅអាទិភាព»
ក្នុងករណីមានជម្លោះផ្ទុះឡើង។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង
បានបង្ហើបពីគម្រោងដាក់ពង្រាយយន្តហោះនុយក្លេអ៊ែរទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយចំនួនរួមមាន
អាល្លឺម៉ង់ ប៉ូឡូញ និងដាណឺម៉ាកជាដើម។
គំនិតផ្ដួចផ្ដើមរបស់លោក ម៉ាក្រុង
គឺធ្វើឡើងដើម្បីពង្រឹងស្វ័យភាពការពារជាតិរបស់អឺរ៉ុប
ចំពេលដែលមានការមិនទុកចិត្តលើការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ ចំពោះអង្គការណាតូ (NATO)។ ទោះជាយ៉ាងណា
រុស្ស៊ីបានសង្កត់ធ្ងន់ថា ទង្វើនេះនឹងមិនបានជួយដល់ការការពារជាតិដូចការអះអាងនោះទេ
ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឱ្យសន្តិសុខរបស់បណ្ដាប្រទេសទាំងនោះកាន់តែចុះខ្សោយ
និងងាយរងគ្រោះបំផុត៕

Post a Comment