ម្ចាស់សហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងទេស លាង ឡេង ធានាអះអាងលើគុណភាព សុវត្តិភាព និងតម្លៃ ក្នុងគ្រប់កាលៈទេសៈ

ភ្នំពេញ៖ លោក លាង ឡេង ម្ចាស់សហគ្រាសផលិតទឹកត្រី លាងឡេង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត ដោយធានាលើគុណភាព សុវត្ថិភាព តម្លៃ និងបរិមាណផលិត។

សហគ្រាស លាងឡេង (Leang Leng) គឺជាសហគ្រាសផលិតគ្រឿងទេសកូនខ្មែរឈានមុខគេ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើការផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកខ្មេះ ដោយផ្តោតលើរសជាតិឆ្ងាញ់និងសុវត្ថិភាពខ្ពស់។ សហគ្រាសផលិតទឹកត្រី លាង ឡេង មានប្រវត្តិបង្កើតឡើងតាំងពីឆ្នាំ ១៩៨៣ និងបានប្រកាន់គោលការណ៍អនុលោមភាពផលិតផលទាំងស្តង់ដាជាតិ និងអន្តរជាតិ រួមទាំងផ្នែកបរិស្ថាន និងបានការទទួលស្គាល់ស្តង់ដា ISO ស្តង់ដា HALAL និងស្ដង់ដារសុវត្ថិភាពចំណីអាហារពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) CQS “Cambodia Quality Seal និងអាចប្រកួតប្រជែងជាមួយទំនិញនាំចូលបានថែមទៀត។

លោក លាង ឡេង ក៏បានឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើនលើសលុបពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស សហគ្រាស លាងឡេង បាននិងកំពុងពង្រីកទំហំនៃការផលិត ដោយបានបោះទុនវិនិយោគបន្ថែមប្រមាណជាជាង៣លានដុល្លារបង្កើតរោងចក្រផលិតទឹកត្រីលាងឡេងនៅខេត្តកំពង់ឆ្នាំ ដែលជាសំបុក្រត្រីដ៏ធំរបស់កម្ពុជា។ បច្ចុប្បន្នរោងចក្រនោះ បានកសាងហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយ និងកំពុងបំពាក់ម៉ាស៊ីនផលិតដ៏ទំនើបដែលនាំចូលពីបរទេស៕










Powered by Blogger.