កងកម្លាំងនគរបាលការពារព្រំដែនទឹក បញ្ចប់បេសកកម្មក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នៅខេត្តកែប ប្រកបដោយជោគជ័យ

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ទេព ដូសំណាង មេបញ្ជាការវរសេនាតូចលេខ ៤៣០ ផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពបំផុត ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរដែលកម្សាន្តតាមឆ្នេរ និងកោះនានាក្នុងខេត្តកែប នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ។

ក្នុងសកម្មភាពសំខាន់ៗក្នុងយុទ្ធនាការ កងកម្លាំងបានចេញល្បាតតាមផ្ទៃទឹក ដោយប្រើប្រាស់កម្លាំងអូប័រ ចេញល្បាតជាប្រចាំដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរដែលកម្សាន្តតាមឆ្នេរ និងកោះនានា ដោយមាន​កម្លាំងអន្តរាគមន៍ប្រចាំការតាមគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមជួយសង្គ្រោះ និងដោះស្រាយបញ្ហាបន្ទាន់ ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តក្នុងខេត្តកែប។

លទ្ធផលទទួលបាន ​ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៦ ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងភូមិសាស្ត្រខេត្តកែប គឺមានភាពល្អប្រសើរខ្លាំង ដោយពុំមានបាតុភូតអវិជ្ជមានណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕












Powered by Blogger.