អភិបាលរងខេត្តកែប ស្នើអ្នកសារព័ត៌មានបន្តចូលរួមផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់ខេត្ត ឱ្យបានដល់ប្រជាពលរដ្ឋដោយឈរលើក្រមសីលធម៌ វិជ្ជាជីវៈ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរងខេត្តកែប ទទួលបន្ទុកវិស័យព័ត៌មាន មាន ប្រសាសន៍ណែនាំដល់គ្រប់អ្នកសារព័ត៌មានទាំងអស់បន្តចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗរបស់ខេត្ត ឱ្យបានដល់ប្រជាពលរដ្ឋដោយឈរលើក្រមសីលធម៌ វិជ្ជាជីវៈឱ្យមានភាពកក់ក្តៅ និងមានភាពរីកចំរើន។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំខេត្តកែប នៅសាលប្រជុំមន្ទីរព័ត៌មាន នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកអភិបាលរង ក៏បានស្នើឱ្យអ្នកសារព័ត៌មាន បន្តផ្សព្វផ្សាយ នូវអនុក្រឹតលេខ០៣ និងច្បាប់ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទូលំទូលាយ សំដៅលើកកម្ពស់សុខសុវត្ថិភាពប្រជាជននៅក្នុងមូលដ្ឋាន។

លោកលើកឡើងថា វិស័យព័ត៌មាន គឺជាវិស័យមួយដែលជួយគាំទ្រដល់ការអភិវឌ្ឍរបស់ខេត្តកែប និងជាស្ពានចម្លងនូវព័ត៌មានពិតពីប្រជាជនទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាជន ដែលទាមទារឱ្យគ្រប់អ្នកសារព័ត៌មាន ត្រូវបុរេសកម្ម សកម្ម អន្តរសកម្ម រួមទាំងការយកចិត្តទុកដាក់ទប់ស្កាត់ ឆ្លើយតបឱ្យបានទាន់ពេលវេលាលើសាធារណមតិ ដែលមានភាពអវិជ្ជមាន ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ៕









Powered by Blogger.