បណ្ឌិត ប៉ែន សុផល ឧបត្ថម្ភថវិកាជាង ៤លានរៀល ដើម្បីដាំផ្កាលើកសម្រស់តំបន់ទេសចរណ៍ភ្នំកំពង់ត្រាច

អត្ថបទ៖ ទ្រី ហៀន

​ខេត្តកំពត៖ ដើម្បីប្រែក្លាយតំបន់ទេសចរណ៍ធម្មជាតិឱ្យកាន់តែមានភាពទាក់ទាញ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច បាននាំយកថវិកាចំនួន ៤,០៥៨,៥០០ រៀល ប្រគល់ជូនមន្ត្រីកសិកម្មឃុំ សម្រាប់អនុវត្តគម្រោងបណ្តុះពូជផ្កាលម្អ។

​បើតាមឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ការអនុវត្តគម្រោងដាំផ្កាប្រភេទអាយុកាលវែង នៅតាមសងខាងផ្លូវបេតុង ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៣៣ រហូតដល់ច្រកចូលភ្នំកំពង់ត្រាចនេះ គឺដើម្បី​លើកកម្ពស់សោភ័ណភាព ​បង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតំបន់ភ្នំកំពង់ត្រាច និងភ្នំដំរី។ ឯកឧត្តមគូសបញ្ជាក់ថា កាលណាមានភ្ញៀវទេសចរមកច្រើន នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់។

​ឯកឧត្តមបណ្ឌិត បានលើឡើងថា "ការរួមចំណែកថែរក្សាបរិស្ថាន និងសោភ័ណភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្ស"។

​សូមជម្រាបថា យុទ្ធនាការដាំផ្កានេះនឹងចាប់ផ្តើមអនុវត្តនៅដើមរដូវវស្សាឆ្នាំនេះ ដើម្បីធានាឱ្យរុក្ខជាតិលូតលាស់បានល្អ និងផ្តល់ពណ៌សស្រស់បំព្រងតាមដងផ្លូវនាពេលឆាប់ៗខាងមុខ៕





Powered by Blogger.