កម្ពុជា តវ៉ាជំទាស់ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ លើដីកម្ពុជា ក្នុងភូមិសាស្ត្រភូមិជោគជ័យ ច្រកអូរស្មាច់ និងអន្លង់វែង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា បានតវ៉ាជំទាស់ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ លើដីរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, ច្រកអូរស្មាច់ និងស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេសកម្ពុជា
បានឱ្យដឹងថា នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
កងកម្លាំងបូព៌ាថៃ
បានដឹកនាំពលរដ្ឋថៃមួយក្រុមធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីតាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៥
និង៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។
ក្រសួងការបរទេសកម្ពុជា
ចាត់ទុកសកម្មភាពឯកតោភាគីរបស់ថៃនេះ គឺជាការប៉ុនប៉ងខុសច្បាប់
ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្ដែង (FaitAccompliontheground)
និងការសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)នៃប្រទេសទាំងពីរនៅតាមបណ្ដោយព្រំដែននៃផ្នែកនេះ។
លើសពីនេះនៅថ្ងៃទី២
ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០នាក់
អមដោយរថពាសដែកចំនួន២គ្រឿងត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា
ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។
នៅថ្ងៃនោះដែរកងកម្លាំងប្រដាប់អាវុធថៃបានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ធ្វើសកម្មភាពឈូសឆាយដីនៅជិតបង្គោលព្រំដែនលេខ២(បច្ចុប្បន្ន)ក្នុងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
ក្រសួងការបរទេសកម្ពុជា
បានលើកឡើងថា សកម្មភាពទាំងនេះ មិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនទេ
ហើយក៏មិនអាចចាត់ទុកថាជាការអនុវត្តតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះឡើយ។
សកម្មភាពទាំងនោះ
គឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការបន្ថយភាពតានតឹងដែលបានចែងនៅក្នុងសេចក្តីប្រកាសរួមនាថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ព្រមទាំងកាតព្វកិច្ចនិងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែនឬការទាមទារដែនដីណាមួយដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ។
ក្រសួងការបរទេសកម្ពុជា
បានអះអាងជាថ្មីថា
កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃ
ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដែរស្របតាមច្បាប់អន្តរជាតិដោយកម្ពុជានៅតែរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕





Post a Comment