លោក លី សារី លើកទឹកចិត្តនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្តសៀមរាបបន្តទៀត
ខេត្តសៀមរាប៖ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ ការធានារ៉ាប់រងជាកាតព្វកិច្ច”ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នាព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប លោក លី សារីអភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្ត និងសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជាជំរុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងក្នុងខេត្តសៀមរាបបន្ថែមទៀត សំដៅលើការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងរួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការបង្កើតបរិយាកាសធុរៈកិច្ចឲ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។
លោកអភិបាលរងខេត្តក៏បានសម្តែងនូវការអរគុណចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា ដែលបានរៀបចំសិក្ខាសាលានៅខេត្តសៀមរាបសម្រាប់ផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” នាថ្ងៃនេះ។លោក ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការធានារ៉ាប់រងជាកាតព្វកិច្ច ដែលមានធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរ និងធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្តសៀមរាប ដែលមានតម្រូវការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅតាមបណ្ដារាជធានី-ខេត្តដទៃទៀត និងឆ្លងកាត់ព្រំដែនផងដែរ។
នាឱកាសនោះ លោក លី សារី ក្នុងនាមថ្នាក់ដឹកនាំខេត្តក៏បានចែករំលែកព័ត៌មានមូលដ្ឋាន និងមតិយោបល់មួយចំនួនពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ចនិងសង្គមរបស់ខេត្តសៀមរាបផងដែរ។ លោកថា ខេត្ដសៀមរាប មានចម្ងាយប្រមាណ ៣១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញមានផ្ទៃដីសរុបប្រមាណ ១០,២៩៩,៤៣គីឡូម៉ែត្រក្រឡា ដែលចែកចេញជា២ក្រុង និងមានប្រជាជនសរុប ១ ១៩៥ ៤៤៩នាក់ ក្នុងនោះស្រ្តី ៦០៥ ៧៨៣នាក់។ ចំពោះសក្តានុពលខេត្តសៀមរាប ពឹងផ្អែកលើវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យទេសចរណ៍ វិស័យកសិកម្មសិប្បកម្ម និងឧស្សាហកម្ម។ លោកបន្តថា សម្រាប់វិស័យទេសចរណ៍ ត្រូវបានកំណត់ជាវិស័យអាទិភាព និងជា“មាសបៃតង” ដោយសារវិស័យនេះមិនត្រឹមតែ បង្កើតនូវកាលានុវត្តភាពការងារ លើក-កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ព្រមទាំងលំហូរចូលនូវរូបិយប័ណ្ណអន្តរជាតិ ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងនោះ វិស័យទេសចរណ៍កម្ពុជាជា“ទេសចរណ៍វប្បធម៌ និងធម្មជាតិ” បាននិងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង ១២% នៃផលិតផលក្នុងស្រុកសរុប។
លោក លី សារី បានបញ្ជាក់ថា ខេត្តសៀមរាបទទួលបានភ្ញៀវជាតិចំនួន ១,៧០០,០០០នាក់ និងភ្ញៀវអន្តរជាតិ ចំនួន៨៩៨,៣៣៩នាក់ ក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ភ្ញៀវជាតិ ចំនួន ១,៩៦៧,១៥០នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៨៩៨,៣៣៩នាក់។ ជាមួយគ្នានេះ ក្នុងខេត្តមានសណ្ឋាគារមានចំនួន ១៧៨កន្លែង, ផ្ទះសំណាក់មានចំនួន ២៩៥កន្លែង, ភោជនីយដ្ឋានមានចំនួន ១៨៩កន្លែង, មណ្ឌលកម្សាន្តមានចំនួន៤២កន្លែង, និងទីភ្នាក់ងារទេសចរណ៍មានចំនួន ២៥៥កន្លែង។
លោកអភិបាលរងខេត្តបានបន្ថែមថា អ្វីដែលលើកទ្បើងខាងលើបានបង្ហាញយ៉ាងច្បាស់ពីតម្រូវការចាំបាច់របស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនសាងសង់ ក្នុងការអនុវត្តការធានារ៉ាប់រង-ជាកាតព្វកិច្ច ដើម្បីទទួលបានការធានាលើបន្ទុកហិរញ្ញវត្ថុ ក្នុងករណីមានហានិភ័យកើតឡើង។
លោកក៏បានបង្ហាញផងដែរសម្រាប់វិស័យកសិកម្ម គឺខេត្តមានផ្ទៃដីកសិកម្មសរុបចំនួន ៣១៦,៦០៨ហិកតា ដែលផ្ទៃដីដំណាំស្រូវសរុបចំនួន២០៩,១៥០ហិកតា និងផ្ទៃដីដាំដុះដំណាំផ្សេងៗ សរុបចំនួន ១០៧,៤៥៨ហិកតា ស្មើនឹង៣៣.៩៤% នៃផ្ទៃដីកសិកម្មសរុប, ផ្ទៃដីដំណាំរយៈពេលខ្លីសរុបចំនួន ៤៧,៣០០ ហិកតា ស្មើនឹង ៤៤.០១%, និងផ្ទៃដីដំណាំរយៈវែង សរុបចំនួន ៦០,១៥៨ហិកតា ស្មើនឹង៥៥.៩៨% នៃផ្ទៃដីដាំដុះដំណាំសរុប។
លោកបញ្ជាក់បន្ថែមទៀតថា សកម្មភាពសេដ្ឋកិច្ចខេត្តសៀមរាបខាងលើគឺជាសញ្ញាវិជ្ជមាននៃតម្រូវការសេវាធានារ៉ាប់រងក្នុងខេត្តសៀមរាប។ តាងនាមអាជ្ញាធរខេត្តសៀមរាប លោកសូមលើកទឹកចិត្ត និងសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឱ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រង នៅក្នុងខេត្តសៀមរាបបន្ថែមទៀត សំដៅលើការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងជ្រុងម្ខាងទៀតរួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនដល់ពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕











Post a Comment