សហភាពអឺរ៉ុបត្រៀមពង្រីកទណ្ឌកម្មលើអ៊ីរ៉ង់ ដោយកំណត់គោលដៅលើអ្នករាំងខ្ទប់ច្រកសមុទ្រហ័រមូស
ព្រុចសែល៖ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទនេះបានឈានដល់កិច្ចព្រមព្រៀងនយោបាយមួយ ក្នុងការពង្រីកវិសាលភាពនៃទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយដាក់បញ្ចូលនូវបុគ្គល និងអង្គភាពទាំងឡាយណាដែលទទួលខុសត្រូវ ចំពោះការរាំងខ្ទប់សេរីភាពនាវាចរណ៍នៅច្រកសមុទ្រហ័រមូស។
ទោះជាយ៉ាងណា បើតាមប្រភពការទូតបានឱ្យដឹងថា
ស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) នឹងត្រូវការពេលពីរបីសប្តាហ៍ទៀត
ដើម្បីរៀបចំបញ្ជីឈ្មោះបុគ្គល ឬក្រុមហ៊ុនដែលត្រូវដាក់ទណ្ឌកម្មថ្មីៗទាំងនោះ។
កាលពីខែមករាកន្លងទៅ សហភាពអឺរ៉ុបបានចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្ម
ហើយកាលពីខែមីនា ក៏បានដាក់បញ្ចូលមន្ត្រីអ៊ីរ៉ង់មួយចំនួនទៅក្នុងបញ្ជីខ្មៅ
ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សផងដែរ។
សូមជម្រាបថា
ច្រកសមុទ្រហ័រមូសត្រូវបានបិទស្ទើរតែទាំងស្រុងអស់រយៈពេលជិត ២ខែមកហើយ
ពោលគឺតាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក
និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ
ដែលធ្វើឱ្យ ប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង
និងហ្គាសធម្មជាតិប្រមាណមួយភាគប្រាំនៃពិភពលោក។
ទោះបីជាមានការប្រកាស បើកច្រកនេះឡើងវិញរយៈពេលខ្លីកាលពីថ្ងៃសុក្រក្តី
ប៉ុន្តែកិច្ចព្រមព្រៀងបទឈប់បាញ់កំពុងស្ថិតក្នុងភាពរង្គោះរង្គើ
បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ឃាត់នាវាដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿង
អំឡុងពេលកំពុងអនុវត្តវិធានការបិទខ្ទប់កំពង់ផែរបស់ខ្លួន៕ (Reuters)

Post a Comment