ស្រីលង្កាចាប់ខ្លួនព្រះសង្ឃ ២២អង្គ រកឃើញកញ្ឆា ១១០គីឡូក្រាម ក្រោយបានធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញ
កូឡុំបូ៖ ព្រះសង្ឃចំនួន ២២អង្គ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឯព្រលានយន្តហោះក្នុងប្រទេសស្រីលង្កា បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនប្រភេទកញ្ឆា (Cannabis) ទម្ងន់សរុប ១១០គីឡូក្រាម លាក់ទុកក្នុងវ៉ាលិសរបស់ពួកគេ។
គ្រឿងញៀនដែលត្រូវបានរកឃើញនោះ
គឺជាប្រភេទកញ្ឆាដែលមានឥទ្ធិពលខ្លាំង ដោយព្រះសង្ឃនីមួយៗបានលាក់ទុកប្រមាណ
៥គីឡូក្រាមនៅក្នុងថតសម្ងាត់នៃវ៉ាលិស ដែលលាយឡំជាមួយសម្ភារសិក្សា និងនំចំណី។
ព្រះសង្ឃទាំងនោះ ដែលភាគច្រើនជាសមណសិស្ស បានធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញ
បន្ទាប់ពីបានទៅកម្សាន្តរយៈពេល ៤ថ្ងៃ
ក្រោមការឧបត្ថម្ភចំណាយទាំងស្រុងពីសប្បុរសជនមិនស្គាល់អត្តសញ្ញាណម្នាក់។
សមត្ថកិច្ចក៏បានឈានទៅចាប់ខ្លួនព្រះសង្ឃអង្គទី
២៣ ដែលជាអ្នករៀបចំដំណើរកម្សាន្តនេះ នៅជាយក្រុងកូឡុំបូផងដែរ។ បច្ចុប្បន្ន ព្រះសង្ឃទាំង
២២អង្គ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នរយៈពេល ៧ថ្ងៃ
ដើម្បីបន្តការស៊ើបអង្កេត ខណៈសមត្ថកិច្ចបានរកឃើញរូបភាព
និងវីដេអូក្នុងទូរស័ព្ទដែលបង្ហាញថា
ពួកគេបានស្លៀកពាក់ជាគ្រហស្ថដើរកម្សាន្តយ៉ាងសប្បាយរីករាយក្នុងប្រទេសថៃ។
សូមជម្រាបថា នេះគឺជាករណីដំបូងបង្អស់នៅក្នុងប្រទេសស្រីលង្កា
ដែលមានការចាប់ខ្លួនក្រុមព្រះសង្ឃទ្រង់ទ្រាយធំ
ពាក់ព័ន្ធនឹងការសង្ស័យរត់ពន្ធគ្រឿងញៀនតាមព្រលានយន្តហោះបែបនេះ៕ (BBC)

Post a Comment