ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣ ភ្ជាប់ពីស្រុកកោះធំ ដល់ស្រុកលើកដែក
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣គីឡូម៉ែត្រ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក នៃភូមិសាស្រ្តខេត្តកណ្តាល។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (Ms.
YASMIN SIDDIQI) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អភិបាលខេត្តកណ្តាល លោក
លោកស្រី ជាថ្នាក់ដឹកនាំក្រសួង មន្ទីរខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
ថ្លែងនាឱកាសនោះរដ្ឋមន្រ្តី ប៉េង ពោធិ៍នា
បានបញ្ជាក់ឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣នេះ មានប្រវែង ១៩,៨៣គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ)
ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង
ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣
នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះមានទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ
ជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ
មានគន្លងផ្លូវសម្រាប់រថយន្ត និងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅមក)។
គម្រោងនេះរួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន
៣កន្លែង ប្រវែងសរុប ១១៦,៤០ម៉ែត្រ
ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវចំនួន ៤៨កន្លែង និងលូតាមប្រឡាយផ្លូវចំនួន
៨កន្លែងប្រវែងសរុប ២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន
៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញាគូសគំនូសសញ្ញា ដាំបង្គោលគីឡូម៉ែត្រ
និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ លើសពីនេះគម្រោងនេះ
ក៏មានការស្ថាបនារង្វង់មូល ១កន្លែង នៅត្រង់ចំណុចផ្លូវប្រសព្វទិសចុះពីស្ពានកោះធំ
ដើម្បីសម្រួល និងបញ្ចៀសទិសដៅចរាចរណ៍ទៅ-មក ប្រកបដោយសុវត្ថិភាពផងដែរ។
ថ្លែងនាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី អូន
ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឱ្យដឹងដែរថា
ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣នេះ
បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល
ក្នុងការបន្តលើកកម្ពស់ និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅទូទាំងប្រទេសឲ្យបានកាន់តែប្រសើរឡើងជាលំដាប់
ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលចាត់ទុកផ្លូវជាអាទិភាពគន្លឹះទី២
បន្ទាប់ពីមនុស្សដែលជាអាទិភាពគន្លឹះទី១។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន
បានបន្ថែមថា រាជរដ្ឋាភិបាលក្នុងគ្រប់នីតិកាលតែងតែយកចិត្តចាត់ទុកការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវ ស្ពាន ជាអាទិភាពគន្លឹះ
និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
ជាពិសេសផ្លូវស្ពាននេះ គឺជាសរសៃឈាមនៃសរីរាង្គសេដ្ឋកិច្ចរបស់ប្រទេស
ស្របតាមទិសស្លោកដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន គឺមានផ្លូវ និងស្ពាន
មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
បានបញ្ជាក់ទៀតថា តាមរយៈការសម្ពោធផ្លូវជាតិលេខ២៣នេះ
បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ
ជាពិសេសអ្នកស្រុកកោះធំ និងស្រុកលើកដែក តាមរយៈការជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ
និងងាយស្រួលក្នុងការដឹកជញ្ជូនកសិផល និងទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុក
និងទៅតំបន់ផ្សេងទៀត។ ជាងនេះទៀតកំណាត់ផ្លូវនេះ ក៏នឹងជួយលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច
និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម តាមច្រកព្រំដែនសំខាន់ៗដូចជា៖ ច្រកព្រំដែនជ្រៃធំ-ឡុងប៊ិញ
តាមរយៈផ្លូវជាតិលេខ២១ និងច្រកព្រំដែនក្អមសំណ-វិញសឿង
ហើយក៏បានភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ
និងតំបន់ទីប្រជុំជនសំខាន់ដទៃទៀតផងដែរ៕










Post a Comment