រដ្ឋបាលស្រុកកំពង់ត្រាច រៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានរៀបចំទិវាផ្សព្វផ្សាយស្តីពីការសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទដ៏មានសារៈសំខាន់ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
ពិធីនេះបានប្រព្រឹត្តទៅនៅអនុវិទ្យាល័យសាលាសិស្សល្អ
ក្រោមអធិបតីភាព លោក ឃឹម សាមី អភិបាលរងនៃគណៈអភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក អូន ខន
អភិបាលស្រុក ដោយមានការចូលរួមពីមន្ត្រីការិយាល័យពាក់ព័ន្ធ អាជ្ញាធរឃុំ-ភូមិ លោកគ្រូ
អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៥៨ នាក់ (ស្រី ១១២ នាក់)។
ថ្លែងក្នុងឱកាសនោះ
លោក ឃឹម សាមី ជំរុញឱ្យសិស្សានុសិស្ស និងសហគមន៍កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកិច្ចគាំពារបរិស្ថាន។ នាឱកាសនោះដែរគណៈអធិបតី និងអង្គពិធីទាំងមូល បានរួមគ្នាធ្វើសកម្មភាពរើសកាកសំណល់ប្លាស្ទិកនៅជុំវិញបរិវេណសាលា
ដោយប្រមូលបានសម្រាមប្លាស្ទិកសេសសល់ចំនួន ១៥ គីឡូក្រាម។
យ៉ាងណា សកម្មភាពនេះមិនត្រឹមតែជួយឱ្យសាលារៀនមានសោភ័ណភាពស្អាតប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបានបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់យុវជនជំនាន់ក្រោយ ដើម្បីធានាបាននូវការរស់នៅ
"ស្អាត បៃតង និងមានផាសុកភាព"៕




Post a Comment