សម្តេចធិបតី អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៦ ក្រោមប្រធានបទ «វិនិយោគសន្តិភាព គឺវិនិយោគលើសកម្មភាពការបោសសម្អាតមីន»
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៦។ ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៦នេះ រៀបចំឡើងក្រោមប្រធានបទ «វិនិយោគសន្តិភាព គឺវិនិយោគលើសកម្មភាពការបោសសម្អាតមីន»។
សូមជម្រាបថា
ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ
នៅលើផ្ទៃប្រទេសមានបន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះយ៉ាងសន្ធឹកសន្ធាប់។
គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ
បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្តាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ
នឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួស
ធ្លាក់ខ្លួនពិការពេញមួយជីវិត និងបានបាត់បង់ ជីវិត
ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន រហូតមកដល់
បច្ចុប្បន្ននេះ។
ក្នុងពេលបច្ចុប្បន្ននេះទៀត
ប្រទេសកម្ពុជាយើងទើបបានរងការវាយប្រហារដោយកាំភ្លើង រថក្រោះ
និងយន្តហោះទម្លាក់គ្រាប់បែកពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នៅលើសមរភូមិមាន គ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ
នៅរាយប៉ាយតាមភូមិកររបស់ប្រជាជនកម្ពុជា ការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរ
ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបោសសម្អាតបន្ថែមទៀត។
កន្លងមក
រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេចគ្រាប់មីនគ្រប់ប្រភេទ ដែលមានស្តុកនៅក្នុងឃ្លាំង
និងបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន
ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការជាតិ-អន្តរជាតិ
ដើម្បីរំដោះដីស្រែ-ចម្ការជូនប្រជាកសិករនៅទូទាំងប្រទេស៕


Post a Comment