ឯកឧត្តម ប៊ូ ច័ន្ទភីរូ៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០ សំដៅជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាប្រកបដោយនវានុវត្តន៍ ភាពធន់ និងវិជ្ជាជីវៈខ្ពស់ស្របតាមនិយាមអន្តរជាតិ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០ ជារួមសំដៅជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ប្រកបដោយនវានុវត្តន៍ ភាពធន់ និងវិជ្ជាជីវៈខ្ពស់ ស្របតាមនិយាមអន្តរជាតិសំដៅចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន និងរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តមបន្តថា ភាពរីកចម្រើននៃវិស័យធានារ៉ាប់រងមិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើននៃទីផ្សារធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឲ្យឃើញពីភាពប្រសើរទ្បើងក្នុងការគ្រប់គ្រង ហានិភ័យ ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងលើកកម្ពស់ភាពធន់នៃសង្គម-សេដ្ឋកិច្ចផងដែរ។

ឯកឧត្តមអគ្គនាយកក៏បានរំលឹកទ្បើងវិញថា វិស័យធានារ៉ាប់រង ដើរតួនាទីសំខាន់ជាយន្តការដ៏មានប្រសិទ្ធភាពមួយ ក្នុងការដោះស្រាយ បន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើង សំដៅពង្រឹងសំណាញ់សុវត្ថិភាពសង្គម និង លើកកម្ពស់ភាពធន់នៅក្នុងសង្គម។ ទន្ទឹមនេះ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងភាព មិនប្រាកដប្រជាខ្ពស់ វិស័យធានារ៉ាប់រងដើរតួនាទីកាន់តែសំខាន់ ក្នុងការឆ្លើយតបនឹងហានិភ័យ ដែលអាចកើតមានឡើងឥតព្រាងទុក។ ប្រទេសកម្ពុជា ក្រោមឆ័ត្រនៃសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងភាពធន់នឹងវិបត្តិ ត្រូវបានយក ចិត្តទុកដាក់ខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប្រាកដនិយមរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បាន ឆ្លុះបញ្ចាំងឱ្យឃើញថា ការធានារ៉ាប់រង គឺជាយន្តការសំខាន់មួយក្នុងការរួមចំណែកគាំទ្រប្រព័ន្ធ សន្តិសុខ និងសុវត្ថិភាពសង្គម។

  ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានសង្កត់បន្ថែមថា វិស័យធានារ៉ាប់រង ក៏ជាចន្ទល់កំណើន សេដ្ឋកិច្ចសំខាន់មួយ ឆ្លុះបញ្ចាំងតាមរយៈការផ្តល់ការការពារដល់សហគ្រាស និងធុរកិច្ច ក្នុងការ ធានាបាននូវនិរន្តរភាពប្រតិបត្តិការអាជីវកម្ម ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈការ វិនិយោគ និងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋផងដែរ។

     គួររំលឹកថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងកម្ពុជាមានភាពរីកចម្រើនគួរឱ្យ កត់សម្គាល់ និងរក្សាបាននូវកំណើនវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ គ្រឹះស្ថានធានារ៉ាប់រង បានកើនឡើងពីចំនួន ៨៣ ក្រុមហ៊ុន ក្នុងឆ្នាំ២០២១ ដល់ ១១២ ក្រុមហ៊ុន ក្នុងឆ្នាំ២០២៥ ដែល រួមមាន ក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៣៩ ក្រុមហ៊ុន, ក្រុមហ៊ុនអន្តរការីសរុបចំនួន ៦៤ ក្រុម- ហ៊ុន និងផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងសរុបចំនួន ៩ ក្រុមហ៊ុន។ ជាមួយគ្នានេះ ទំហំទីផ្សារ ធានារ៉ាប់រង ឆ្លុះបញ្ចាំងតាមរយៈបុព្វលាភដុលធានារ៉ាប់រង បានកើនឡើងពីប្រមាណ ៣០០ លាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង ៣៦៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ដែលមានកំណើនជាមធ្យមប្រមាណជាង ៦% ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ៕

















 

Powered by Blogger.