ផលិតផលខ្មែរកាន់កាប់បានចំណែកទីផ្សារ៣០ភាគរយ ក្រោយការចលនាពហិកាទំនិញថៃ
ភ្នំពេញ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរបានកើនឡើងយ៉ាងគំហុក ក្រោយការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ ដែលនាំឱ្យសហគ្រាសក្នុងស្រុកខិតខំពង្រីកខ្សែសង្វាក់ផលិតកម្ម ឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងស្រុក។
ក្នុងវេទិកាសារព័ត៌មាន
«រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ» លោកឧកញ៉ា តែ តាំងប៉ បានបង្ហាញភាពភ្ញាក់ផ្អើលក្រោយលោកទទួលបានរបាយការណ៍ពីក្រសួងពាណិជ្ជកម្មពីកំណើនការប្រើប្រាស់ផលិតផលក្នុងស្រុកបានស្រូបចំណែកទីផ្សារបានប្រមាណ
៣០% ក្រោយពលរដ្ឋរួមគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ
និងងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែផុលផុស។
លោកឧកញ៉ា តែ
តាំងប៉ បានសង្កេតថា ឥរិយាបថរបស់ប្រជាជនខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងខ្លាំងក្លា
ដោយមានការស្ទុះកើនឡើងគួរឱ្យកត់សម្គាល់ មិនថាតែប្រជាពលរដ្ឋទូទៅ
សូម្បីតែក្មេងៗក៏មានការយល់ដឹងច្រើន។ បើតាមលោក ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា «កាលពីជិត ២០ ឆ្នាំមុន ផលិតផលខ្មែរយើងមានចំណែកទីផ្សារត្រឹមតែ ២%
ប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្ននេះបានកើនដល់ ៣០% ឯការនាំចូលនៅសល់ ៧០%។
នេះបង្ហាញនៃឆន្ទៈនៃការគាំទ្រផលិតផលផលិតក្នុងស្រុក»។
ពាក់ព័ន្ធផលិតផលក្នុងស្រុកនេះដែរ
លោកឧកញ៉ា ក៏បានធ្វើការពន្យល់ថា បច្ចុប្បន្ននេះផលិតផលក្នុងស្រុកបែងចែកជា
៣ ប្រភេទធំៗគឺ៖ ទី១. ផលិតផលខ្មែរ ១០០% ទាំងម៉ាកសញ្ញា
និងការផលិតគឺធ្វើឡើងក្នុងស្រុកផ្ទាល់ ១០០%។ ទី២.
ផលិតផលម៉ាកសញ្ញាក្នុងស្រុក តែបញ្ជាផលិតនៅបរទេស (OEM) ដែលយកម៉ាកសញ្ញាខ្មែរតែបញ្ជាទិញឬឱ្យគេផលិតពីបរទេស និងទី៣.
ផលិតផលម៉ាកសញ្ញាបរទេសតែផលិតក្នុងស្រុក
ជាប្រភេទក្រុមហ៊ុនអន្តរជាតិដែលមកវិនិយោគនិងបង្កើតរោងចក្រផលិតដោយផ្ទាល់នៅលើទឹកដីកម្ពុជា។
លោកឧកញ៉ាបានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
គឺជំរុញឱ្យមានការផលិតក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលពីបរទេស
រួមទាំងការលើកទឹកចិត្តឱ្យអ្នកវិនិយោគបរទេសមកផលិតនៅក្នុងស្រុកឲ្យបានច្រើន៕


Post a Comment