គីម ជុងអ៊ុន៖ កូរ៉េខាងជើងនឹងបន្តគាំទ្រគោលនយោបាយរបស់រុស្ស៉ី
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកនឹងបន្តគាំទ្រដល់គោលនយោបាយរបស់រុស្ស៉ី ហើយលោកបានពិភាក្សាអំពីស្ថានការណ៍នយោបាយអន្តរជាតិជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី។
KCNA បានឱ្យដឹងថាគណៈប្រតិភូរុស្ស៉ីក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការពារជាតិ
លោក Andrei Belousov បានចូលរួមក្នុងពិធីមួយដើម្បីគោរពវិញាណក្ខន្ធរបស់ទាហានកូរ៉េខាងជើងដែលត្រូវបានសម្លាប់អំឡុងការប្រយុទ្ធក្នុងតំបន់
Kursk របស់រុស្ស៉ីជាទីដែលកងកម្លាំងអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកក្នុងឆ្នាំ២០២៤។
រុស្ស៉ីបានធ្វើសង្រ្គាមលុកលុយចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២
និងកំពុងកាន់កាប់១ភាគ៥នៃទឹកដីអ៊ុយក្រែន។ KCNA បានគូសបញ្ជាក់ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនដោយស្រង់សម្ដីរបស់លោក
គីម ថា «រដ្ឋាភិបាលកូរ៉េខាងជើងនឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់គោលនយោបាយរបស់រុស្ស៉ី
ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»។
កូរ៉េខាងជើងត្រូវបានវាយតម្លៃថាបានបញ្ជូនកងទ័ព
១៤០០០នាក់ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk
បន្ទាប់ពីប្រទេសទាំង២បានចុះហត្ថលេខាលើ
សន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។ កូរ៉េខាងត្បូង អ៊ុយក្រែន
និងក្រុមមន្ត្រីលោកខាងលិចបានឱ្យដឹងថាទាហានកូរ៉េខាងជើងប្រហែលជា
៦០០០នាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាម។
តាម KCNA លោក
គីម ជុងអ៊ុនក៏បានជួបប្រធានរដ្ឋសភារុស្ស៉ី លោក Vyacheslav Volodin
និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី ពូទីន
ផងដែរជាមួយការគូសបញ្ជាក់ឡើងវិញពីឆន្ទៈរបស់
ប្រទេសទាំង២ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅស្របទៅតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

Post a Comment