ទីផ្សារធានារ៉ាប់រងកម្ពុជា កើនទ្បើងដល់ប្រមាណ ៣៦៧ លានដុល្លារ និងផ្តល់ការធានាជូនប្រជាពលរដ្ឋជាង ៣ លានប័ណ្ណសន្យារ៉ាប់រង
ភ្នំពេញ៖ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនទ្បើងដល់ប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក នៃបុព្វលាភធានារ៉ាប់រងដុល និងបានផ្តល់ការធានាជូនប្រជាពលរដ្ឋប្រមាណជាង ៣ លានប័ណ្ណសន្យារ៉ាប់រង ជាទឹកប្រាក់ធានាជាង ១១៧ ប៊ីលានដុល្លារអាម៉េរិក និងបានទូរទាត់សំណងជូនអតិថិជនចំនួនជាង ៦៨ លានដុល្លារអាម៉េរិក។
លោក ប៊ូ ច័ន្ទភិរូ បានថ្លែងឲ្យដឹងបែបនោះនៅក្នុង "ទិវាធានារ៉ាប់រងកម្ពុជា ២០២៦" ដែលត្រូវបានរៀបចំធ្វើនៅខេត្តសៀមរាបកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។
លោកអគ្គនាយកបានលើកទ្បើងថា បន្ថែមលើការផ្តល់សំណាញ់សុវត្ថិភាពសង្គម វិស័យធានារ៉ាប់រងកម្ពុជា ក៏បានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ដោយគ្រឹះស្ថានធានារ៉ាប់រងទាំង ១១២ មានទ្រព្យសកម្មសរុបចំនួនប្រមាណ ១,៣ ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតការងារពេញម៉ោងប្រមាណជាង ៤,០០០ កន្លែង និងការងារក្រៅម៉ោងប្រមាណ ១៣,០០០ កន្លែង៕
Post a Comment