និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដល់តំណាងមន្ទីរ អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន ក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១ ខែមេសានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដល់តំណាងមន្ទីរ អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ និយ័តករធានារ៉ាប់រងកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក លី សារី អភិបាលរងខេត្តសៀមរាប។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីការធានារ៉ាប់រងឱ្យបានកាន់តែទូលំទូលាយជូនសាធារណជន ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជន ជាពិសេស រួមចំណែកការពារផលប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកត្រូវបានធានារ៉ាប់រង តាមរយៈការគូសបង្ហាញពីមូលដ្ឋានគ្រឹះ ប្រភេទ និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ព្រមទាំងតួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ាប់រងកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់និយ័តករធានារ៉ាប់រងកម្ពុជា ក្រសួងស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបំពេញការងារ លើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ជាពិសេសបានបន្តសហការជំរុញការអនុវត្តធានារ៉ាប់រងជាកាតព្វកិច្ច ក្នុងន័យឆ្លើយតបឱ្យបានសមស្របទៅនឹងកំណើនចំនួនការដ្ឋានសាងសង់ និងយានយន្តប្រកប អាជីវកម្មដែលកំពុងចរាចរណ៍តាមដងផ្លូវ រួមផ្សំនឹងអត្រាកំណើនគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃដែលបាន និងកំពុងផ្តល់ផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ រូបរាងកាយ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕










Post a Comment