អ៊ីរ៉ង់ សង្កត់ធ្ងន់លើសារៈសំខាន់នៃមធ្យោបាយការទូត តែបង្ហាញការមិនទុកចិត្តលើសហរដ្ឋអាមេរិក
តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគៀន (Masoud Pezeshkian) បានថ្លែងនាថ្ងៃចន្ទថា គ្រប់មធ្យោបាយការទូតប្រកបដោយហេតុផលគួរតែត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែលោកបានបន្ថែមថា ការប្រុងប្រយ័ត្ន និងការមិនទុកចិត្តចំពោះទីក្រុងវ៉ាស៊ីនតោន គឺជា «ភាពចាំបាច់ដែលមិនអាចប្រកែកបាន»។
ការបញ្ជាក់ជំហរនេះធ្វើឡើងចំពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងត្រូវផុតកំណត់នៅថ្ងៃពុធខាងមុខ
ខណៈដែលក្រុមអ្នកចរចាអាមេរិកបានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ ប៉ុន្តែអ៊ីរ៉ង់នៅមិនទាន់បញ្ជាក់ពីការបញ្ជូនប្រតិភូរបស់ខ្លួនទៅចូលរួមឡើយ។
ប្រភពពីអ៊ីរ៉ង់បានបង្ហើបថា ទីក្រុងតេហេរ៉ង់ អាចនឹងមិនចូលរួមចរចាជុំទីពីរទេ
ដោយសារតែការទាមទាររបស់អាមេរិកមានលក្ខណៈ «ហួសហេតុ
និងមិនសមហេតុផល»។
សូមជម្រាបថា បច្ចុប្បន្ន
ប្រទេសជាសត្រូវទាំងពីរនៅតែបន្តប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងនៅច្រកសមុទ្រហ័រមូស
ដោយបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់។ លោក ប៉េសេសគៀន បានរិះគន់ថា
វិធានការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន
គឺជាភស្តុតាងដែលបង្ហាញថាអាមេរិកកំពុង «ក្បត់នឹងមធ្យោបាយការទូត»
របស់ខ្លួនឯង៕

Post a Comment