កម្ពុជា និងសិង្ហបុរី ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង
សិង្ហបុរី៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង ដែលជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ
បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាស្ថិរភាព តម្លាភាព
និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង
ដែលនឹងបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីមានការកើនឡើង
ព្រមទាំងចូលរួមគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី
ក៏ដូចជាការបង្កើតឱកាសនៃការចាប់យកទីផ្សារថ្មី
ប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មនៅកម្ពុជាផងដែរ។
បន្ថែមពីនេះ
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា
ក្នុងនាមជាប្រទេសនាំចេញអង្ករប្រកបដោយសក្តានុពល តាមរយៈសមត្ថភាពដ៏រឹងមាំក្នុងការផលិត
ការប្រកួតប្រជែង និងផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ
ជាពិសេសការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់
និងសកល៕



Post a Comment