អ៊ីស្រាអែល វាយប្រហារលើមជ្ឈមណ្ឌលគីមីឥន្ធនៈដ៏ធំបំផុតរបស់អ៊ីរ៉ង់នៅ Asaluyeh

ហ្សេរុយសាឡិម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារចំមជ្ឈមណ្ឌលគីមីឥន្ធនៈដ៏ធំបំផុតរបស់អ៊ីរ៉ង់នៅតំបន់ Asaluyeh ដែលលោកចាត់ទុកថាជាការវាយលុកដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់។

យោងតាមទីភ្នាក់ងារព័ត៌មាន Fars បានឱ្យដឹងថា សំឡេងផ្ទុះជាច្រើនបានបន្លឺឡើងនៅឯតំបន់មជ្ឈមណ្ឌលគីមីឥន្ធនៈ South Pars ក្នុងតំបន់ Asaluyeh។ ដោយឡែក ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍ថា ការវាយប្រហារនេះបានតម្រង់គោលដៅទៅលើកន្លែងផ្គត់ផ្គង់អគ្គិសនី ទឹក និងអុកស៊ីហ្សែន ដែលបណ្តាលឱ្យការផ្គត់ផ្គង់ថាមពលទៅកាន់អង្គភាពគីមីឥន្ធនៈទាំងអស់ក្នុងតំបន់ត្រូវកាត់ផ្តាច់ ប៉ុន្តែសំណាងល្អដែលរោងចក្រ Pars Petrochemical មិនបានរងការខូចខាតនោះទេ។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេដែលអ៊ីស្រាអែលវាយប្រហារលើតំបន់យុទ្ធសាស្ត្រមួយនេះ។ កាលពីខែមីនាកន្លងទៅ អ៊ីស្រាអែលក៏ធ្លាប់បានវាយប្រហារលើប្រភពថាមពលដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ គឺវាលឧស្ម័ន South Pars និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃនៅ Asaluyeh ផងដែរ៕



 

Powered by Blogger.