WFP ព្រមានថាសង្គ្រាមនៅអ៊ីរ៉ង់ អាចរុញច្រានមនុស្ស ៤៥ លាននាក់ឱ្យធ្លាក់ក្នុងភាពអត់ឃ្លានត្រឹមខែមិថុនា
ហ្សឺណែវ៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចេញការព្រមាននៅថ្ងៃអង្គារនេះថា មនុស្សរាប់សិបលាននាក់បន្ថែមទៀតនឹងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់នៅតែបន្តអូសបន្លាយរហូតដល់ខែមិថុនាខាងមុខ។
របាយការណ៍បានបង្ហាញថា
ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់
ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ បានរារាំងផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌សំខាន់ៗ
និងពន្យារពេលការផ្តល់ជំនួយសង្គ្រោះជីវិតដល់តំបន់ដែលមានវិបត្តិអាក្រក់បំផុតមួយចំនួនលើពិភពលោក។
លោក ខាល ស្កូវ (Carl
Skau) អគ្គនាយករង WFP បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងហ្សឺណែវថា
មនុស្សចំនួន ៤៥លាននាក់បន្ថែមទៀតត្រូវបានព្យាករណ៍ថានឹងធ្លាក់ចូលក្នុងភាពអត់ឃ្លាន
ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ ប្រេង និងការដឹកជញ្ជូន
ដែលនឹងរុញច្រានតួលេខអ្នកអត់ឃ្លានសកលឱ្យហក់ឡើងលើសពីកំណត់ត្រាបច្ចុប្បន្នចំនួន
៣១៩លាននាក់។
លោកបានសង្កត់ធ្ងន់ថា «វានឹងនាំកម្រិតនៃភាពអត់ឃ្លានសកលដល់កំណត់ត្រាមួយដែលមិនធ្លាប់មាន...សូម្បីតែមុនពេលមានសង្គ្រាមនេះ
យើងក៏ស្ថិតក្នុងស្ថានភាពដ៏អាក្រក់រួចទៅហើយ
ដែលភាពអត់ឃ្លានមិនធ្លាប់មានសភាពធ្ងន់ធ្ងរបែបនេះទេ ទាំងចំនួន
និងជម្រៅនៃភាពអត់ឃ្លាននោះ»។
ទន្ទឹមគ្នានេះ លោកបានបន្ថែមថា
ថ្លៃដឹកជញ្ជូនរបស់ WFP បានកើនឡើងដល់ទៅ ១៨%
ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដោយបង្ខំឱ្យពួកគេត្រូវប្តូរផ្លូវដឹកជញ្ជូន។
បញ្ហាប្រឈមទាំងនេះកើតឡើងស្របពេលដែល WFP ត្រូវកាត់បន្ថយការចំណាយយ៉ាងច្រើន
ដោយសារប្រទេសម្ចាស់ជំនួយភាគច្រើនកំពុងងាកទៅផ្តោតការចំណាយលើវិស័យការពារជាតិវិញ៕ (Reuters)

Post a Comment