ក្រុមប្រឹក្សាសន្តិសុខ UN ទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើក្រុមប្រទេសឈូងសមុទ្រពែក្ស
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ បានទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ ឈូងសមុទ្រពែក្ស នៅក្នុងដំណោះស្រាយមួយដែលមិនបានលើកឡើងការវាយប្រហាររបស់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែលលើអ៊ីរ៉ង់នោះទេ ជាហេតុធ្វើឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ថ្កោលទោសយ៉ាងខ្លាំង។
ដំណោះស្រាយខាងលើដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន១៣
និងអនុបវាទចំនួន២ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ បានទាមទារឱ្យអ៊ីរ៉ង់
បញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារប្រឆាំងនឹងប្រទេសបារ៉ែន កូវ៉ែត អូម៉ង់ កាតា
អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី។ ដំណោះស្រាយនេះក៏បានថ្កោលទោស
ផងដែរសកម្មភាពណាមួយ ឬការគំរាមកំហែងរបស់អ៊ីរ៉ង់ក្នុងគោលបំណងបិទខ្ទប់ បង្កឧបសគ្គ
ឬជ្រៀតជ្រែកការធ្វើចរាចរតាមផ្លូវទឹកឆ្លងកាត់តាមច្រកសមុទ្រ Hormuz។
អ៊ីរ៉ង់បានអះអាងម្ដងហើយម្ដងទៀតថាការវាយប្រហាររបស់ខ្លួនលើក្រុមប្រទេសឈូងសមុទ្រពែក្ស
គឺជាការសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់
លោក Ayatollah
Ali Khamenei ខណៈប្រទេសទាំង២នៅតែបន្តទម្លាក់គ្រាប់បែកលើទឹកដីអ៊ីរ៉ង់។
អ៊ីរ៉ង់ក៏បាន
បើកការវាយប្រហារលើកប៉ាល់ពាណិជកម្មដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz
ផងដែរ។
សហរដ្ឋអាមេរិកបាននិយាយថាការអនុម័តដំណោះស្រាយខាងលើបានឆ្លុះបញ្ចាំងពីការថ្កោលទោសយ៉ាងទូលំទូលាយលើការវាយប្រហាររបស់អ៊ីរ៉ង់។
ប៉ុន្តែចិន និងរុស្ស៉ីដែល បានបោះឆ្នោតអនុបវាទ
បានចាត់ទុកថាដំណោះស្រាយនេះមិនបានទទួលស្គាល់អរិភាពរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះអ៊ីរ៉ង់នោះទេ។
ចំណែក ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានបរិហារថាការអនុម័តដំណោះស្រាយនេះបង្ហាញថាក្រុមប្រឹក្សាសន្តិសុខត្រូវបានប្រើប្រាស់ដើម្បីបម្រើរបៀបវារៈរបស់សហរដ្ឋអាមេរិក
និងអ៊ីស្រាអែល៕ (AFP)

Post a Comment