ត្រាំ គំរាមថា NATO នឹងជួបអនាគតដ៏អាក្រក់ បើមិនជួយបើកច្រកសមុទ្រ Hormuz
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បក្សសម្ព័ន្ធយោធា NATO នឹងប្រឈមមុខជាមួយអនាគតដ៏អាក្រក់ ប្រសិនបើក្រុមសម្ព័ន្ធមិត្តអាមេរិកមួយនេះ មិនជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ក្នុងកិច្ចសម្ភាសជាមួយកាសែត
Financial Times កាលពីថ្ងៃអាទិត្យ លោក
ត្រាំ បាននិយាយថា ដោយសារតែសហរដ្ឋអាមេរិក
បានខិតខំជួយអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី ដូច្នេះរូបលោករំពឹងថា
អឺរ៉ុបនឹងជួយដល់កិច្ចប្រឹងប្រែងបើកច្រកសមុទ្រ Hormuz ដែលត្រូវបានបិទដោយសារសង្រ្គាមអ៊ីរ៉ង់
ហើយធ្វើឱ្យតម្លៃប្រេងហក់ឡើងនៅទូទាំងពិភពលោក។
លោកប្រធានាធិបតីអាមេរិក
បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើគ្មានការឆ្លើយតប
ឬក៏ជាការឆ្លើយអវិជ្ជមាន ខ្ញុំគិតថាវានឹងមានផលអាក្រក់ជាខ្លាំង សម្រាប់អនាគតរបស់ NATO។ វាជារឿងសក្តិសមសម្រាប់អ្នកដែលទទួលអត្ថប្រយោជន៍ពីច្រកសមុទ្រ Hormuz
ត្រូវជួយធានាថា គ្មានរឿងអាក្រក់កើតឡើងនៅទីនោះ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យកន្លងទៅ
តម្លៃប្រេងឆៅអាមេរិក West Texas បានកើន២.៥ភាគរយ
ដល់១០០.២២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអន្តជាតិ Brent បានកើនតម្លៃ២.៩ភាគរយ
ដល់១០៦.១១ដុល្លារក្នុងមួយបារ៉ែល។
សូមជម្រាបថា
សង្រ្គាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល
បានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំ ប្រឆាំងប្រទេសអ៊ីរ៉ង់
ដែលមកទល់ពេលនេះ សង្រ្គាមបានអូសបន្លាយជាង២សប្តាហ៍ហើយ៕ (AFP)

Post a Comment