យន្ដហោះចម្បាំងអាមេរិក F-35 រងការខូចខាត សង្ស័យត្រូវបានវាយប្រហារដោយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថា យន្ដហោះចម្បាំងបំបាំងកាយ F-35 មួយគ្រឿងបាន រងការខូចខាត និងត្រូវធ្វើការចុះចតជាបន្ទាន់នៅឯមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសង្ស័យថាត្រូវបានវាយប្រហារដោយអ៊ីរ៉ង់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យទីបញ្ជាការកណ្ដាលអាមេរិក លោក Tim Hawkins បានឱ្យដឹងថាយន្ដហោះចម្បាំង F-35 បានធ្វើការចុះចតដោយ សុវត្ថិភាព ហើយពីឡុតកំពុងស្ថិតនៅក្នុងស្ថានភាពនឹងនរ»។ លោក Hawkins មិនបានធ្វើអត្ថាធិប្បាយអ្វីលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជា ABC និង CNN នោះទេ។ F-35 មានគ្រឿងមានតម្លៃជាង១០០លានដុល្លារ។

សហរដ្ឋអាមេរិកបានបាត់បង់អស់យន្ដហោះចម្បាំងជាច្រើនគ្រឿងអំឡុងសង្រ្គាមជាមួយអ៊ីរ៉ង់ក្នុងនោះរួមមាន យន្ដហោះចម្បាំង F-15 ៣គ្រឿងដែល ត្រូវបានគ្នាឯងច្រឡំបាញ់ទម្លាក់នៅកូវ៉ែត និងយន្ដហោះចាក់សាំង KC-135 ដែលបានធ្លាក់នៅអ៊ីរ៉ាក់។

សូមជម្រាបថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ ពីការបង្កើនវត្តមានយោធាអាមេរិកយ៉ាងសម្បើមក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-35 ក្នុងតំបន់មជ្ឈិមបូព៌ា។ គិតមកទល់នឹងពេលនេះ ទាហានអាមេរិក ១៣នាក់បានស្លាប់ ក្នុងនោះមាន ៦នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះ KC-135 និង៧នាក់ស្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីរ៉ង់។ កងទ័ពអាមេរិកប្រហែលជា ២០០នាក់ក៏បានរងរបួសផងដែរនៅក្នុងប្រទេសចំនួន៧ នៃតំបន់មជ្ឈិមបូព៌ាចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក៕ (AFP)



 

Powered by Blogger.