សង្គ្រាម នៅអ៊ីរ៉ង់គំរាមកំហែងដល់ទីផ្សារថាមពលសកល ឱ្យធ្លាក់ក្នុងវិបត្តិកាន់តែយូរ
វ៉ាស៊ីនតោន៖ សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងធ្វើឱ្យអ្នកប្រើប្រាស់ និងធុរកិច្ចទូទាំងពិភពលោក ប្រឈមនឹងការហក់ឡើងនៃថ្លៃប្រេង និងឥន្ធនៈក្នុងរយៈពេលជាច្រើនខែទៅមុខទៀត ទោះបីជាជម្លោះនេះបញ្ចប់ទៅដោយលឿនក៏ដោយ។
ការជាប់គាំងនៃខ្សែច្រវាក់ផ្គត់ផ្គង់
និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពល កំពុងបង្កជាសម្ពាធសេដ្ឋកិច្ចសកល
និងជាចំណុចខ្សោយនយោបាយសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ
មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
របាយការណ៍របស់ JP Morgan បានព្រមានថា ទីផ្សារកំពុងផ្លាស់ប្តូរពីការបារម្ភលើហានិភ័យនយោបាយ
ទៅជាការជួបប្រទះការរំខានប្រតិបត្តិការជាក់ស្តែង ខណៈការបិទរោងចក្រចម្រាញ់ប្រេង
និងការរឹតត្បិតការនាំចេញ
កំពុងធ្វើឱ្យលំហូរផ្គត់ផ្គង់ប្រេងឆៅពិភពលោកធ្លាក់ចុះយ៉ាងគំហុក។ គិតមកដល់ពេលនេះ
សង្គ្រាមបានធ្វើឱ្យផ្អាកការផ្គត់ផ្គង់ប្រេង និងឧស្ម័នប្រហែល ១/៥ នៃតម្រូវការសកល
រួមទាំងការកកស្ទះការនាំចេញប្រេងដល់ទៅ ១៤០លានបារ៉ែល
ពីបណ្តាប្រទេសក្នុងឈូងសមុទ្រអារ៉ាប់។
សូមជម្រាបថា
ជម្លោះនេះបានជំរុញឱ្យតម្លៃប្រេងសកលហក់ឡើងជាង ២៥ភាគរយ
ដែលបង្កើនកម្តៅនៃតម្លៃទំនិញទូទាំងពិភពលោក។ ប្រទេសកាតា
ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ២០ភាគរយឱ្យពិភពលោក
ក៏បានប្រកាសផ្អាកការនាំចេញជាបណ្តោះអាសន្ន ដោយសារការវាយប្រហារដោយដ្រូន
ខណៈរោងចក្រចម្រាញ់ប្រេងយក្ស Ras Tanura របស់អារ៉ាប៊ីសាអូឌីត
ក៏ត្រូវបានបង្ខំឱ្យបិទទ្វារផងដែរ។ អ្នកជំនាញបានព្រមានថា ទោះបីសង្គ្រាមបញ្ចប់ក៏ដោយ
ក៏វាត្រូវការពេលជាច្រើនសប្តាហ៍ ឬជាច្រើនខែ ដើម្បីជួសជុល
និងស្តារផលិតកម្មឡើងវិញទៅកម្រិតធម្មតាវិញ៕ (Reuters)

Post a Comment