មនុស្ស ៦៦នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះយោធា នៅកូឡុំប៊ី
បូហ្គោឡា៖ យន្ដហោះយោធាមួយគ្រឿងរបស់កូឡុំប៊ីដឹកទាហាន និងអ្នកធ្វើការលើយន្តហោះ១២៥នាក់ បានធ្លាក់ក្រោយហោះឡើងបានបន្តិចកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។
យន្ដហោះយោធាខាងលើដែលជាប្រភេទយន្ដហោះដឹកជញ្ជូន C-130
Hercules ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin បានធ្លាក់ បន្ទាប់ពីហោះឡើងបានបន្តិចចេញពីទីក្រុង Puerto Leguizamo
ស្ថិតនៅក្បែរព្រំដែនជាប់អេក្វាទ័រ និងប៉េរូ បណ្ដាលឱ្យផ្ទុះឆេះ។
យោធាកូឡុំប៊ីម្នាក់បានប្រាប់ AFP ថាមានទាហាន
៥៨នាក់បានស្លាប់ រួមជាមួយមន្ត្រីទ័ពអាកាស៦នាក់ និងមន្ត្រីប៉ូលិស២នាក់។
ដោយឡែក បើតាមលោកឧត្តមសេនីយ៍ Fernando
Silva Rueda យន្ដហោះយោធាដែលធ្លាក់នោះមានផ្ទុកទាហាន ១១៤នាក់
និងក្រុមការងារនៅលើយន្ដហោះ១១នាក់ ក្នុងគោលដៅ ហោះហើរចេញពីទីក្រុង Puerto
Leguizamo ឆ្ពោះទៅកាន់មូលដ្ឋានយោធាមួយក្បែរទីក្រុងនេះ។
ភ្លាមៗមូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ
ខណៈស៊ើបអង្កេត និងប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើង៕ (AFP)

Post a Comment