​ក្រុមប្រឹក្សាស្រុកបន្ទាយមាស បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបន្ទាយមាស បានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្ត។

​កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាស្រុក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គង់ គឹមសាធ ប្រធានក្រុមប្រឹក្សាស្រុក លោក នូរ ច័ន្ទដា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សស្រុក។ អង្គប្រជុំ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៣ រួមមាន៖

- ការពិនិត្យ និងអនុម័តរបាយការណ៍៖ អង្គប្រជុំបានធ្វើការពិភាក្សា និងវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែកន្លងមក ដោយផ្ដោតលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយតម្លាភាព។

- ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់៖ លោកអភិបាលស្រុក បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែសកម្ម ជាពិសេសការត្រៀមលក្ខណៈការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតឈានមកដល់។

- ការអភិវឌ្ឍមូលដ្ឋាន៖ លោកប្រធានក្រុមប្រឹក្សាស្រុក បានផ្តល់អនុសាសន៍ឱ្យសមាជិកក្រុមប្រឹក្សា និងគណៈអភិបាល បន្តចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីក្តាប់នូវរាល់សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋ ដើម្បីយកមកដោះស្រាយឱ្យបានទាន់ពេលវេលា។

​សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី២២នេះ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំស្រុកបន្ទាយមាស ក្នុងការពង្រឹងរចនាសម្ព័ន្ធរដ្ឋបាល និងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ប្រកបដោយបរិយាបន្ន និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ៕









Powered by Blogger.