កម្ពុជា កំណត់គោលដៅច្បាស់លាស់ ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ភ្នំពេញ៖ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់គោលដៅយ៉ាងច្បាស់ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
ការបញ្ជាក់បែបនេះ
ក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយនិងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក
និងគណៈប្រតិភូ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន
ក្នុងគោលបំណងពង្រឹងភាពជាដៃគូ
និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនរវាងកម្ពុជានិងសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនោះ
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ
ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាប្រឈមបញ្ហាមីននាពេលបច្ចុប្បន្ន
នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ
និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ
ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក
ដែលជួយគាំទ្រដល់ការបោសសម្អាតមីនតាមព្រំដែន និងឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ផងដែរ។
ជាមួយគ្នានោះផងដែរ
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ
បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត
និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក
គឺជាប្រទេសម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ
បានសម្តែងនូវការអបអរសាទរចំពោះភាពដៃគូយ៉ាងរឹងមាំ
និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការជាតិស៊ីម៉ាក់
ក៏ប្រតិបត្តិករអន្តរជាតិដទៃទៀត ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ព្រមទាំងបានទទួលស្គាល់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិក អស់រយៈពេលជាង ៣០ ឆ្នាំ ពិតជាបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន តាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។ ឯកឧត្តម បានចាត់ទុកភាពជាដៃគូ និងការបន្តកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅ សេសសល់ គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងសម្រេចបាននូវគោលដៅរួមនៃប្រទេសកម្ពុជាដែលមានសុវត្ថិភាព និងគ្មានមីន៕





Post a Comment