គុយបា ខ្វះខាតទឹកប្រេីប្រាស់ បន្ថែមលេីវិបត្តិប្រេងសាំង និងអគ្គិសនី

ឡាហាវ៉ាន៖ អ្នកស្រុកនៅទូទាំងរដ្ឋធានីឡាហាវ៉ាន របស់គុយបា បាននាំគ្នាតម្រង់ជួរចាំយកទឹកពីរថយន្តដឹកទឹក ដោយសារបញ្ហាខ្វះខាតប្រេងឥន្ធនៈ និងអស្ថិរភាពនៃបណ្តាញអគ្គិសនី ធ្វើឱ្យម៉ាស៊ីនបូមទឹករាប់ពាន់គ្រឿងមិនដំណេីរការ។

ប្រតិបត្តិករទឹករដ្ឋគុយបា Aguas de La Habana បានបញ្ជាក់ថា កាលវិភាគបូមទឹក និងការផ្គត់ផ្គង់ត្រូវបានរំខានដោយកង្វះអគ្គិសនី។ អ្នកស្រុកអះអាងថាតំបន់រដ្ឋធានី មានបញ្ហាទឹក ដោយពួកគាត់ត្រូវរង់ចាំយកទឹកពីរថយន្តដឹកទឹក។ អ្នកស្រុកអាយុ ៥៨ឆ្នាំម្នាក់ បាននិយាយថា សម្រាប់មនុស្សជាច្រើន ការប្រឈមមុខនឹងបញ្ហាបែបនេះមិនមែនជារឿងថ្មីទេ វាបានកើតមានតាំងពីឆ្នាំ ២០២១។

វិបត្តិថាមពលនៅគុយបា បានកើតឡើងបន្ទាប់ពីការបង្កេីនសម្ពាធដោយសហរដ្ឋអាមេរិកលើទីក្រុងឡាហាវ៉ាន ក្រោយចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាអ្នកមានគុណចម្បងរបស់គុយបា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបិទផ្លូវដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡាទៅគុយបា ជាមួយការគំរាមយកពន្ធលើអ្នកផ្គត់ផ្គង់ផ្សេងទៀត ធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ផុយស្រួយរបស់ប្រទេសដីកោះនេះ៕(Reuters)





 

Powered by Blogger.