មន្ទីរសាធារណការខេត្តកំពត ប្រារព្ធពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា យ៉ាងអធិកអធម ក្រោមអធិបតីភាព លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាជានារីទូទាំងអង្គភាព។
មានប្រសាសន៍នាឱកាសនោះ លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ស្ត្រីគឺជា «ស្នូលនៃគ្រួសារ» និងជាកម្លាំងចលករដ៏មានថាមពល ក្នុងការថែរក្សាសាមគ្គីភាព សុវត្ថិភាព និងការបណ្ដុះបណ្ដាលធនធានមនុស្ស (កូនចៅ) ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។
លោកប្រធានមន្ទីរបានជំរុញឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់បន្តគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយសមភាពយេនឌ័រ ដើម្បីធានាថាគ្រប់ស្ត្រីទាំងអស់ទទួលបានការគោរពសិទ្ធិ និងឱកាសស្មើៗគ្នា។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ការរួមចំណែកកាត់បន្ថយ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងកុមារ ដើម្បីបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសនោះដែរ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងការដឹងគុណ លោកប្រធានមន្ទីរបានប្រគល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់មន្ត្រីជានារីគ្រប់រូប។ ថវិកាលើកទឹកចិត្ត ដើម្បីជាការតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារនាពេលកន្លងមក៕






Post a Comment