លោកស្រី កាម៉ាឡា ហារីស ចោទលោក ត្រាំ ថាអូសទាញអាមេរិកចូលក្នុងសង្គ្រាមដែលពលរដ្ឋមិនចង់បាន នៅអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ អតីតអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានចេញសេចក្តីថ្លែងការណ៍រិះគន់យ៉ាងចាស់ដៃទៅលើប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយចោទប្រកាន់ថាលោកកំពុងអូសទាញសហរដ្ឋអាមេរិក ចូលទៅក្នុងសង្គ្រាមមួយដែលប្រជាជនអាមេរិកមិនចង់បាន។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការដែលលោកស្រីបានបង្ហោះលើបណ្តាញសង្គម X នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦។

លោកស្រី ហារីស បានប្រកាសជំហរយ៉ាងច្បាស់ថា លោកស្រីប្រឆាំងដាច់ខាតចំពោះការធ្វើសង្គ្រាមផ្លាស់ប្តូររបបនៅអ៉ីរ៉ង់ ហើយកងទ័ពអាមេរិកកំពុងត្រូវបានរុញច្រានឱ្យជួបគ្រោះថ្នាក់ ដោយសារតែ «ជម្រើសសង្គ្រាមរបស់លោក ត្រាំ»។ លោកស្រីចាត់ទុកទង្វើនេះថាជា «ការលេងល្បែងដ៏គ្រោះថ្នាក់ និងមិនចាំបាច់» ដែលបំផ្លាញស្ថិរភាពតំបន់ និងកេរ្តិ៍ឈ្មោះអាមេរិកនៅលើឆាកអន្តរជាតិ។ ទន្ទឹមគ្នានេះ លោកស្រីក៏បានរិះគន់ចំៗពីការសន្យាក្លែងក្លាយរបស់លោក ត្រាំ កាលពីពេលឃោសនាបោះឆ្នោត ដែលធ្លាប់អះអាងថានឹងបញ្ចប់សង្គ្រាម មិនមែនបង្កើតសង្គ្រាមថ្មីនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកស្រីអនុប្រធានាធិបតី បានសង្កត់ធ្ងន់ពីរដ្ឋធម្មនុញ្ញអាមេរិក ដែលតម្រូវឱ្យប្រធានាធិបតីត្រូវតែទទួលបានការអនុញ្ញាតពីសភាជាមុនសិន ទើបអាចចូលរួមក្នុងសង្គ្រាមបាន។ ជាចុងក្រោយ លោកស្រី ហារីស បានអំពាវនាវយ៉ាងទទូចដល់សភាអាមេរិក ឱ្យប្រើប្រាស់រាល់អំណាចទាំងអស់ដែលខ្លួនមាន ដើម្បីរារាំងលោក ដូណាល់ ត្រាំ មិនឱ្យបន្តរុញច្រានសហរដ្ឋអាមេរិក ចូលជ្រៅទៅក្នុងជម្លោះនេះតទៅទៀត៕ 





 

Powered by Blogger.