អ៊ីរ៉ង់ចាត់ទុកសំណើសន្តិភាពអាមេរិកថា មិនប្រាកដនិយម ខណៈ ត្រាំ គំរាមកម្ទេចអណ្តូងប្រេង
វ៉ាស៊ីនតោន៖ ប្រទេសអ៊ីរ៉ង់ បានពណ៌នាសំណើរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមរយៈពេលមួយខែនៅមជ្ឈិមបូព៌ាថា មិនប្រាកដនិយម មិនសមហេតុផល និងហួសហេតុ ខណៈដែលខ្លួនបានបាញ់មីស៊ីលជាច្រើនថែមទៀតទៅលើអ៊ីស្រាអែល។ ការប្រយុទ្ធគ្នានេះ បានរុញច្រានតម្លៃប្រេងឱ្យកើនឡើងកាន់តែខ្ពស់ បន្ទាប់ពីក្រុមហ៊ូទីនៅយេម៉ែនបានចូលរួមក្នុងជម្លោះនេះផងដែរ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ បានចេញការព្រមានយ៉ាងតឹងរ៉ឹងមួយទៀតដល់អ៊ីរ៉ង់ ឱ្យបើកច្រកសមុទ្រ ហ័រមូស (Hormuz)
ជាបន្ទាន់ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការវាយប្រហាររបស់អាមេរិក។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា «ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន...
ហើយច្រកសមុទ្រមិនត្រូវបានបើកភ្លាមៗទេ
យើងនឹងបញ្ចប់ការស្នាក់នៅដ៏ស្រស់ស្អាតរបស់យើងក្នុងប្រទេសអ៊ីរ៉ង់ ដោយការបំផ្ទុះ
និងកម្ទេចចោលទាំងស្រុងនូវរោងចក្រអគ្គិសនី អណ្តូងប្រេង និងកោះ Kharg ទាំងអស់របស់ពួកគេ»។ ជម្លោះបានរីកធំឡើង
ដោយមានការចូលរួមពីក្រុមហ៊ូទី និងហេសបូឡា ដែលបានបាញ់ដ្រូន និងរ៉ុក្កែតលើអ៊ីស្រាអែល។
ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីតេហេរ៉ង់
និងទីក្រុងបេរូត។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក
អេសម៉ាអ៊ីល បាហ្គាអ៊ី (Esmaeil Baghaei) បានបញ្ជាក់ថា
ទីក្រុងតេហេរ៉ង់ទទួលបានសារពីអាមេរិកតាមរយៈអ្នកសម្របសម្រួល
ប៉ុន្តែបានរិះគន់សំណើទាំងនោះ។ លោកសង្កត់ធ្ងន់ថា «ជំហររបស់យើងគឺច្បាស់លាស់ណាស់។
យើងកំពុងរងការឈ្លានពានយោធា ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់យើងគឺផ្តោតលើការការពារខ្លួន»។ លោកក៏បានបង្ហើបថា
សភាអ៊ីរ៉ង់កំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)
ផងដែរ។
មន្ត្រីសន្តិសុខប៉ាគីស្ថានដែលកំពុងជួយសម្របសម្រួល
បានអះអាងថាការចរចាផ្ទាល់រវាងអាមេរិក និងអ៊ីរ៉ង់
ទំនងជាមិនអាចកើតឡើងក្នុងសប្តាហ៍នេះទេ ខណៈលោក ត្រាំ
កំពុងបន្តបញ្ជូនទ័ពអាមេរិកបន្ថែមទៅកាន់តំបន់នោះ៕ (Reuters)

Post a Comment