តម្លៃប្រេងហក់ឡើង ក្រោយអ៊ីរ៉ង់ចោទអាមេរិកថាកំពុងត្រៀមឈ្លានពានតាមជើងគោក
វ៉ាស៊ីនតោន៖ តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយក្នុងពេលជិត ២សប្ដាហ៍មកនេះ ខណៈសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែឡើងកម្ដៅដោយមាន ការចូលរួមបន្ថែមពីក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ និងបន្ទាប់ពីទីក្រុងតេហេរ៉ង់ចោទសហរដ្ឋអាមេរិកថាកំពុងត្រៀមបើកការឈ្លានពានតាមជើងគោក។
តម្លៃប្រេង Brent បានហក់ឡើង ៣ភាគរយ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ឬស្មើនឹង
១១៦ដុល្លារក្នុងមួយបារែល។ នេះជាការឡើងថ្លៃខ្ពស់បំផុតមួយ ចាប់តាំងពីថ្ងៃទី១៩ ខែមីនា
ជាពេលដែលតម្លៃប្រេងហក់ឡើងដល់ ១១៩ដុល្លារក្នុងមួយបារែល។
ការឡើងថ្លៃប្រេងនេះទៀតសោត កើតមានឡើងបន្ទាប់ពីអ៊ីរ៉ង់បាននិយាយថាសហរដ្ឋអាមេរិកកំពុងត្រៀមបើកការឈ្លានពានតាមជើងគោក
ហើយប្រធានសភាអ៊ីរ៉ង់បានព្រមានថាតេហេរ៉ង់ នឹងធ្វើការឆ្លើយតបឱ្យបានខ្លាំងក្លា។
ព្រមពេលជាមួយគ្នា សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់
ក៏កាន់តែរីកធំផងដែរ ក្រោយក្រុមហ៊ូទីមានមូលដ្ឋាននៅយេម៉ែន
បានទទួលស្គាល់ថាខ្លួនបានបាញ់មីស៊ីលជាលើកដំបូងប្រឆាំងនឹងអ៊ីស្រាអែល
ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក៕

Post a Comment